(បាងកក)៖ អាជ្ញាធរថៃបានឲ្យដឹងថាសាកសពមនុស្ស៣៧នាក់ ត្រូវបានរកឃើញ និង១៨នាក់ផ្សេងទៀត នៅតែបន្តបាត់ខ្លួនដដែល ក្រោយពីទូកទេសចរណ៍ពីរគ្រឿងផ្ទុកសរុបមនុស្សជិត១៥០នាក់ បានក្រឡាប់លិចនៅលើផ្ទៃសមុទ្រនៃខេត្តភូកេត (Phuket) ភាគខាងត្បូងប្រទេសថៃ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។ នេះបើតាមការដកស្រង់ការផ្សាយចេញដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី០៧ ខែកក្កដា ឆ្នាំ២០១៨។
ទូកដែលលិចខាងលើរួមមានឈ្មោះ ស៊ីរេណាតា (Serenata) ដោយមនុស្សទាំងអស់៤២នាក់នៅនោះ ត្រូវជួយសង្រ្គោះទាន់ពេល វេលា ខណៈក្នុងចំណោមមនុស្សទាំង១០៥នាក់ ដែលធ្វើដំណើរលើទូកឈ្មោះ ហ្វីនិច (Phoenix) វិញមាន៣៧នាក់ហើយបាន ស្លាប់ ១៨នាក់កំពុងបន្តបាត់ខ្លួន និង៤៨នាក់ត្រូវបានជួយសង្រ្គោះ។ សម្រាប់អ្នកភ្ញៀវទេសចរនៅលើទូកទាំងពីរគ្រឿងគឺសុទ្ធតែ ជាជនជាតិចិន។
គួរជម្រាបថា កាលពីយប់ថ្ងៃសុក្រ អាជ្ញាធរថៃ បានសម្រេចផ្អាកប្រតិបត្តិការរុករកអ្នកដែលបាត់ខ្លួន ហើយនឹងបន្តប្រតិបត្តិការឡើងវិញនៅម៉ោង០៥៖០០នាទីព្រឹកថ្ងៃសៅរ៍នេះ៕