(ម៉ូស្គូ)៖ ក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ី បានប្រកាសថា ទីក្រុងម៉ូស្គូបានសម្រេចដាក់ចេញនូវ ចំណាត់គ្រោងនឹងដំឡើងពន្ធបន្ថែមចន្លោះពី២៥ទៅ៤០ភាគរយ លើទំនិញមួយចំនួនដែលនាំចូលពីសហរដ្ឋអាមេរិក ដើម្បីឆ្លើយតបចំពោះការបង្កើនពន្ធផលិតផលដែកថែបនិងអាលីលុយញ៉ូមនាំចូល ដែលដាក់ចេញដោយទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃសុក្រ ទី០៦ ខែកក្កដា ឆ្នាំ២០១៨។
បើតាមសេចក្តីថ្លែងការណ៍របស់រដ្ឋមន្រ្តីអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ី លោក Maxim Oreshkin ប្រទេសរុស្ស៊ី បានដាក់ចេញនូវគម្រោងបង្កើនកាតព្វកិច្ចពន្ធលើទំនិញនាំចូលប្រចាំឆ្នាំពីអាមេរិកគិតជាទំហំ៨៧.៦ពាន់លានដុល្លារ ខណៈចំណាត់ការដំឡើងថ្លៃពន្ធនេះ អាចនឹងត្រូវអនុវត្តន៍ក្នុងរយៈពេលបីឆ្នាំ ដើម្បីធ្វើជាការតបស្នងដល់ទឹកប្រាក់ប្រមាណ៥៣៧.៦ដុល្លារ ដែលអ្នកនាំចេញរបស់រុស្ស៊ី បានខាតបង់ដោយសារតែការបង្កើនពន្ធនៅក្នុងសហរដ្ឋអាមេរិក។
គួរជម្រាបថា ការបង្កើនពន្ធ១០ភាគរយទៅលើផលិតផលដែកថែបនាំចូល និង២៥ភាគរយទៅលើអាលុយមីញ៉ូមនាំចូល ដែលត្រូវបានដាក់ចេញពីដំបូងឡើយដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីខែមីនានោះ ត្រូវបានផ្អាកសម្រាប់ប្រទេសមួយចំនួនរួមមានទាំងម៉ិចស៊ីកូ កាណាដា និងសហភាពអឺរ៉ុបជាដើម ដើម្បីព្យាយាមចរចាស្វែងរកកិច្ចព្រមព្រៀងដែលប្រសើរជាងមុន ប៉ុន្តែការផ្អាកនេះក៏ត្រូវបានលុបចោលវិញ កាលពីខែមិថុនា ដែលជាហេតុនាំឲ្យប្រទេសទាំងនេះ ព្រមទាំងរុស្ស៊ីជាដើម បានដាក់ពាក្យបណ្តឹងទៅលើកាន់អង្គការពាណិជ្ជកម្មពិភពលោក WTO ដើម្បីប្រឆាំងនឹងសហរដ្ឋអាមេរិក ។
នាថ្ងៃសុក្រនេះ សង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិនក៏បានផ្ទុះឡើងជាផ្លូវការផងដែរ ដោយការបង្កើនពន្ធរបស់អាមេរិកលើទំនិញនាំចូលពីចិន គិតជាទំហំប្រមាណ៣៤ពាន់លានដុល្លារ បានចូលជាធរមាន ហើយទីក្រុងប៉េកាំង បានប្រកាសបង្កើនពន្ធលើទំនិញអាមេរិកក្នុងទំហំដូចគ្នាវិញភ្លាមៗ៕