(បាងកក)៖ អាជ្ញាធរថៃបានឲ្យដឹងថា មកទល់យប់ថ្ងៃសុក្រនេះ សាកសពមនុស្សសរុបចំនួនយ៉ាងតិច៣៣នាក់ ត្រូវបានរកឃើញ និង២៣នាក់ផ្សេងទៀត នៅបន្តបាត់ខ្លួនដដែល ក្រោយពីទូកទេសចរណ៍ពីរគ្រឿងផ្ទុកសរុបមនុស្សជិត១៥០នាក់ បានប្រឡាប់លិចនៅលើផ្ទៃសមុទ្រនៃខេត្តភូកេត (Phuket) ភាគខាងត្បូងប្រទេសថៃកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី០៦ ខែកក្កដា ឆ្នាំ២០១៨។
ទូកដែលលិចខាងលើរួមមានឈ្មោះ ស៊ីរេណាតា (Serenata) ដោយមនុស្សទាំងអស់៤២នាក់នៅនោះ ត្រូវជួយសង្រ្គោះទាន់ពេលវេលា ខណៈក្នុងចំណោមមនុស្សទាំង១០៥នាក់ ដែលធ្វើដំណើរលើទូកឈ្មោះ ហ្វីនិច (Phoenix) វិញ មាន៣៣នាក់បានស្លាប់ ២៣នាក់កំពុងបន្តបាត់ខ្លួន និង៤៩នាក់ ត្រូវបានជួយសង្រ្គោះ។ សម្រាប់អ្នកភ្ញៀវទេសចរនៅលើទូកទាំងពីរគ្រឿង គឺសុទ្ធតែជាជនជាតិចិន។
គួរជម្រាបថា នៅយប់ថ្ងៃសុក្រនេះ អាជ្ញាធរថៃ បានសម្រេចផ្អាកប្រតិបត្តិការរុករកអ្នកដែលបាត់ខ្លួន ហើយនឹងបន្តប្រតិបត្តិការឡើងវិញនៅម៉ោង០៥៖០០នាទីព្រឹកថ្ងៃសៅរ៍ស្អែក៕