(ប៉េកាំង)៖ ទីបំផុតមហាយក្សចិន បានប្រកាសតម្លើងពន្ធ២៥ភាគរយ ឬស្មើនឹងជាង៣៤ពាន់លានដុល្លារ លើផលិតផលដែលនាំចូលពីសហរដ្ឋអាមេរិក ជាការសងសឹកទៅនឹងការតម្លើងពន្ធរបស់អាមេរិកលើទំនិញរបស់ចិន ដែលត្រូវបានចុះហត្ថលេខាដាក់ឲ្យ ដំណើរការជាធរមាននៅថ្ងៃសុក្រនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃសុក្រ ទី០៦ ខែកក្កដា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងពាណិជ្ជកម្មចិន បញ្ជាក់ជំហរច្បាស់លាស់យ៉ាងដូច្នេះថា៖ «ចិនធ្លាប់សន្យាហើយថា នឹងមិនបាញ់គ្រាប់កាំភ្លើងចេញមុននោះទេ ប៉ុន្តែដើម្បីការពារប្រយោជន៍ស្នូលនៃប្រទេសជាតិ និងប្រយោជន៍នៃប្រជាជននោះ យើងត្រូវតែបង្ខំចិត្តចាត់វិធានការចាំបាច់ ដើម្បីតបតទៅវិញ»។ ក្រសួងពាណិជ្ជកម្មចិន បន្ថែមថា សហរដ្ឋអាមេរិកបានរំលោភលើច្បាប់ របស់អង្គការពាណិជ្ជកម្មពិភពលោក WTO ហើយថែមទាំងបានប្រកាសធ្វើសង្រ្គាមពាណិជ្ជកម្មដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រ នាពេលបច្ចុប្បន្នថែមទៀត។ ដូច្នេះចិនគ្មានជម្រើសអ្វី ក្រៅតែពីចាត់វិធានការឆ្លើយតប ដើម្បីការពារផលប្រយោជន៍របស់ខ្លួននោះ ឡើយ។
គួរជម្រាបជូនថា រដ្ឋបាលលោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រនេះ បានប្រកាសធ្វើសង្រ្គាមពាណិជ្ជកម្មជាផ្លូវការ តាមរយៈការតម្លើងពន្ធលើផលិតនាំចូលពីចិនគិតជាទំហំសរុប ៣៤ពាន់លានដុល្លារ។ ផលិតផលទាំងនេះរួមមាន គ្រឿងម៉ាស៊ីន គ្រឿងម៉ូទ័រ គ្រឿងសំណង់ បរិក្ខាទូរគមនាគមន៍ និងគ្រឿងម៉ាស៊ីនកសិកម្មជាដើម។ ចំណែកឯ ការតម្លើងពន្ធរបស់ចិនលើផលិតអាមេរិកមានយានយន្ដ ផលិត ផលកសិកម្ម និងសណ្ដែកសៀងជាដើម៕