(អង់ការ៉ា)៖ តួកគីបានបញ្ជាក់ច្បាស់ៗថា នឹងឆ្លើយតបទៅកាន់សហរដ្ឋអាមេរិកវិញ នៅក្នុងករណីដែលទីក្រុងវ៉ាស៊ីនតោន សម្រេចដាក់ទណ្ឌកម្មមកលើទីក្រុងអង់ការ៉ា ដោយសារតែការទិញប្រព័ន្ធមីស៊ីលការពារអាកាស S-400 ពីប្រទេសរុស្ស៊ី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែកក្កដា ឆ្នាំ២០១៨។
រដ្ឋមន្រ្តីការបរទេសតួកគីលោក មែវលូត ខាវូសូកហ្គ្លូ (Mevlut Cavusoglu) បាននិយាយដូច្នេះថា «ពួកគេ (អាមេរិក) និយាយថាបើអ្នកណាហ៊ានទិញ S-400 យើងនឹងដាក់ទណ្ឌកម្ម។ ដូច្នេះហើយបើពួកគេដាក់ទណ្ឌកម្ម ពួកគេនឹងទទួលបានចម្លើយរបស់យើង ហើយប្រសិនបើពួកគេចង់បានទំនាក់ទំនងបែបនេះ នោះគឺជាការជ្រើសរើសរបស់ពួកគេ»។ លោក Cavusoglu បានសង្កត់ធ្ងន់ថា ទង្វើរបស់អាមេរិក ដែលទាមទារឲ្យប្រទេសដទៃទៀត ចូលរួមទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី គឺជារឿងមិនអាចទទួលយកបាន។
គួរជម្រាបថា កាលពីអំឡុងចុងខែមិថុនាកន្លងទៅ ទីក្រុងវ៉ាស៊ីនតោន បានព្រមានថា ការទិញប្រព័ន្ធសព្វាវុធរុស្ស៊ី S-400 របស់ទីក្រុងអង់ការ៉ា នឹងឈានទៅរកការដាក់ទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោន ទៅមកតួកគី ព្រមទាំងការប្រែប្រួលនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ បន្ថែមពីនេះអាមេរិក បានបញ្ជាក់ថា ខ្លួនអាចនឹងបដិសេធចោលលើការផ្ទេរយន្តហោះ F-35 ដែលទីក្រុងអង់ការ៉ាបានទិញទៅឲ្យតួកគីថែមទៀត៕