(សេអ៊ូល)៖ កូរ៉េខាងជើងរំពឹងយ៉ាងមុតមាំថា ប្រធានាធិបតីចិនលោក ស៊ី ជិនពីង នឹងបំពេញទស្សនកិច្ចមកកាន់ទីក្រុងព្យុងយ៉ាង ដើម្បីចូលរួមក្នុងពិធីរំលឹកខួបលើកទី៧០ នៃថ្ងៃបង្កើតប្រទេសកូរ៉េខាងជើងនាថ្ងៃទី០៩ ខែកញ្ញាខាងមុខនេះ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃសុក្រ ទី០៦ ខែកក្កដា ឆ្នាំ២០១៨។
ក្រុមមន្ត្រីកូរ៉េខាងជើង បានប្រាប់អ្នកសារព័ត៌មានកូរ៉េខាងត្បូង ដែលបានចូលរួមក្នុងការប្រកួតកីឡាបាល់បោះមិត្តភាពរវាងកូរ៉េទាំង ពីរ ក្នុងទីក្រុងព្យុងយ៉ាងថា លិខិតអញ្ជើញត្រូវបានផ្ញើទៅកាន់ទីក្រុងប៉េកាំងរួចរាល់ហើយ ដើម្បីអញ្ជើញប្រធានាធិបតីចិន លោកស៊ី ជិនពីង បំពេញទស្សនកិច្ចមកកាន់កូរ៉េខាងជើង ចូលរួមពិធីរំលឹកខួបលើកទី៧០ នៃថ្ងៃបង្កើតប្រទេសកូរ៉េខាងជើង នៅថ្ងៃទី០៩ ខែកញ្ញាខាងមុខនេះ។
គួរបញ្ជាក់ថា នៅពេលត្រូវបានសាកសួរថា តើមានសង្ឃឹមដែរទេថាលោក ស៊ី នឹងធ្វើដំណើរមកកាន់កូរ៉េខាងជើង មន្ត្រីជាន់ខ្ពស់ កូរ៉េខាងជើងម្នាក់បានឆ្លើយថា «ខ្ញុំគិតថាគាត់ត្រូវតែមក ពីព្រោះពួកយើងបានអញ្ជើញគាត់»៕