(តេហេរ៉ង់)៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បានបញ្ជាក់សាជាថ្មីម្តងទៀតថា ប្រសិនបើផលប្រយោជន៍អ៊ីរ៉ង់ ដែលស្ថិតក្នុង​កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ពុំត្រូវបានធានាទេនោះ ទីក្រុងតេហេរ៉ង់ អាចនឹងដើរចេញពីកិច្ចព្រមព្រៀងនេះតែម្តង។ នេះបើតាម​ការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០៦ ខែកក្កដា ឆ្នាំ២០១៨។

នៅក្នុងកិច្ចប្រជុំមួយនៅរដ្ឋធានីវីយែននៃប្រទេសអូទ្រីស លោក Rouhani បានថ្លែងប្រាប់ អគ្គលេខាធិការរបស់អង្គការត្រួត​ពិនិត្យថាម​ពល​​​អាតូមិក​អន្តរជាតិ ហៅកាត់ IAEA ថា ប្រទេសអ៊ីរ៉ង់ ប្រហែលត្រូវធ្វើការគិតគូរពិចារណាឡើងវិញ អំពីកម្រិតនៃកិច្ចសហប្រតិបត្តិការ​របស់ខ្លួន​​ជាមួយទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែរអន្តរជាតិមួយនេះ។

ជុំវិញបញ្ហានេះដែរ លោក Rouhani នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានបញ្ជាក់​ថា កញ្ចប់សំណើដែលលើកឡើងដោយសហភាពអឺរ៉ុប (EU) គឺពុំផ្តល់ការធានាដល់​ផលប្រយោជន៍របស់អ៊ីរ៉ង់​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​នុយ​ក្លេ​អ៊ែរ​អន្តរជាតិខាងលើឡើយ និងថាវាគឺជារឿងគួរឲ្យខកបំណងជាខ្លាំង។

គួរជម្រាបថា លោក Rouhani កំពុងស្ថិតក្នុងដំណើរបំពេញទស្សនកិច្ចនៅឯប្រទេសអូទ្រីស ក្រោយការបំពេញទស្សនកិច្ចរយៈពេលពីរ​ថ្ងៃ នៅប្រទេសស្វីស ដែលបានចាប់ផ្តើមកាលពីដើមសប្តាហ៍នេះ។ ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសអ៊ីរ៉ុបទាំងពីរ មាន​គោលដៅចម្បងទៅលើការពិភាក្សាអំពីជោគវាសនានៃ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ នៅចំពោះមុខការដើរចេញរបស់សហរដ្ឋអាមេរិក​៕