(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្ដីបន្ទោសអាល្លឺម៉ង់ និងអធិការបតីលោកស្រី អាន់ជែលឡា មឺគែល ជុំវិញការទិញឧស្ម័ន និងប្រេងពីរុស្ស៊ី ខណៈចំណាយមិនគ្រប់គ្រាន់លើកញ្ចប់ថវិការបស់អង្គការណាតូ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅថ្ងៃសុក្រ ទី០៦ ខែកក្កដា ឆ្នាំ២០១៨។

លោក ដូណាល់ ត្រាំ ថ្លែងបែបនេះ នៅក្នុងសុន្ទរកថាមួយទៅកាន់អ្នកគំាទ្រនៅឯរដ្ឋ Montana នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅអាមេរិក) ហើយព្រមពេលជាមួយគ្នា ប្រធានាធិបតីរូបនេះក៏បានឆ្លៀតចោទប្រកាន់ផងដែរថាអាល្លឺម៉ង់ចង់បានការការពារ
ពីសហរដ្ឋអាមេរិកប្រឆាំងនឹងរុស្ស៊ី តែបែរជាកំពុងទិញប្រេង និងឧស្ម័នរាប់ពាន់លានដុល្លារពីទីក្រុងម៉ូស្គូទៅវិញ។ «ពួកគេ (អាល្លឺម៉ង់) បានចុះកិច្ចព្រមព្រៀងឧស្ម័ន និងប្រេងជាមួយរុស្ស៊ី។ ពួកគេចង់បានការការពារប្រឆាំងនឹងរុស្ស៊ី តែបែរជាកំពុងបង់ប្រាក់រាប់ពាន់លាន ដុល្លារឱ្យរុស្ស៊ីទៅវិញ»។ នេះគឺជាការលើកឡើងរបស់លោកត្រាំ ដោយចង់សំដៅលើកិច្ចព្រមព្រៀងសាងសង់បំពង់ប្រេង Nord Stream-2 pipeline​ រវាងអាល្លឺម៉ង់ និងរុស្ស៊ី។

សូមជម្រាបថា មុននឹងត្រូវចូលរួមក្នុងកិច្ចប្រជុំអង្គការណាតូ នៅឯទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកក្កដានេះ លោក ដូណាល់ ត្រាំ បានរិះគន់អាល្លឺម៉ង់ថាបានចំណាយមិនគ្រប់គ្រាន់លើកញ្ចប់ថវិកាណាតូ។ សហរដ្ឋអាមេរិក បាន ចំណាយដល់ទៅ ៤ភាគរយនៃGDPរបស់ខ្លួនលើវិស័យយោធា រីឯអាល្លឺម៉ង់មានគំរោងចំណាយឱ្យដល់១.៥ភាគរយ តែមិនទាន់ សម្រេចវត្ថុបំណងនេះទេ ខណៈអង្គការណាតូដាក់គោលដៅឱ្យប្រទេសជាសមាជិកចំណាយលើយោធាយ៉ាងហោចណាស់
២ភាគរយនៃGDP​៕