(បាងកក)៖ ស្ថាប័ន FIFA បានប្រកាសថាខ្លួននឹងអញ្ជើញយុវជនជាកីឡាករបាល់ទាត់ទាំង១២រូប ព្រមទាំងគ្រូបង្វិករបស់ពួកគេ ដែលបាននិងកំពុងជាប់ខ្លួននៅក្នុងរូងភ្នំថាមលួង នៃខេត្តឈៀងរ៉ាយ ប្រទេសថៃនោះ ទៅទស្សនាការប្រកួតវគ្គចុងក្រោយនៃព្រឹត្តិការណ៍ World Cup 2018 នៅឯទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី ប្រសិនបើពួកគេត្រូវបានជួយសង្រ្គោះចេញមកខាងក្រៅវិញដោយជោគជ័យនាពេលឆាប់ៗ និងមានកម្លាំងកាយគ្រប់គ្រាន់ឡើងវិញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ នៅរសៀលថ្ងៃសុក្រ ទី០៦ ខែកក្កដា ឆ្នាំ២០១៨។
នាថ្ងៃសុក្រនេះ Page Facebook ផ្លូវការរបស់សមាគមបាល់ទាត់ថៃ បានបង្ហោះលិខិតមួយច្បាប់ដែលផ្ញើមកពីប្រធាន FIFA លោក ហ្គីអាន់នី អ៊ីនហ្វាន់ទីណូ (Gianni Infantino) ជូនទៅកាន់លោក សំយ៉ុត ភូមផានមូង (Somyot Poompanmoung) ប្រធានសមាគមបាល់ទាត់នៃប្រទេសថៃ។
លោក Infantino បានសរសេរដូច្នេះថា «ដូចដែលយើងនិងមនុស្សគ្រប់គ្នាកំពុងសង្ឃឹម គឺថាប្រសិនបើមនុស្សទាំង១៣នាក់នោះ បានទៅជួបជុំជាមួយក្រុមគ្រួសាររបស់ពួកគេវិញនៅប៉ុន្មានថ្ងៃខាងមុខនេះ ហើយសុខភាពរបស់ពួកគេមានសភាពមាំមួនឡើងវិញ ដែលអាចឲ្យពួកគេធ្វើដំណើរបាន FIFA ពិតជារីករាយជាខ្លាំង ក្នុងការអញ្ជើញពួកគេក្នុងនាមជាភ្ញៀវកិត្តិយស ដើម្បីចូលរួមទស្សនាការប្រកួតវគ្គចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក នៅឯទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី»។
FIFA បានលើកឡើងទៀតថា ខ្លួនបានតាមដានយ៉ាងដិតគ្រប់ជំហាននូវព័ត៌មាន ទាក់ទិកនឹងប្រតិបត្តិជួយសង្រ្គោះក្មេងប្រុសទាំង១២នាក់ ព្រមទាំងគ្រូបង្វិករបស់ពួកគេ ចាប់តាំងតែពីថ្ងៃទី២៣ ខែមិថុនា ដែលជាថ្ងៃពួកគេបាត់ខ្លួនមក ហើយ FIFA ក៏បានឆ្លៀតឱកាសជូនពរដល់ជនរួមជាតិថៃទាំងអស់ ឲ្យប្រតិបត្តិការនេះប្រព្រឹត្តទៅដោយជោគជ័យឆាប់ៗផងដែរ ខណៈក្រុមសង្រ្គោះ កំពុងប្រឈមនឹងបញ្ហាលំបាក ដើម្បីសម្រេចរកវិធីនាំយកពួកគេចេញពីរូងភ្នំមកវិញ។
គួរជម្រាបថា ការប្រកួតវគ្គចុងក្រោយដើម្បីដណ្តើមពាន World Cup នឹងប្រព្រឹត្តទៅទីក្រុងម៉ូស្គូ នៅយប់ថ្ងៃទី១៥ ខែកក្កដា គឺនៅថ្ងៃអាទិត្យសប្តាហ៍ក្រោយ៕