(បាងកក)៖ មកទល់ពេលនេះក្រុមនាវិកថៃបានរកឃើញសាកពមនុស្ស១៧នាក់បន្ថែមទៀត នៅលើផ្ទៃសមុទ្រភូកេត ដែលប្រការនេះធ្វើឲ្យចំនួនមនុស្សបាត់បង់ជីវិតសរុបកើនដល់១៨នាក់ នៅក្នុងគ្រោះថ្នាក់លិចទូកទេសចរណ៍ ដោយសារព្យុះ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានថៃ The Nation នៅរសៀលថ្ងៃសុក្រ ទី០៦ ខែកក្កដា ឆ្នាំ២០១៨។
បើតាមប្រភពព័ត៌មានខាងលើ ក្រុមនាវិកនៅលើនាវាចម្បាំងថៃ HTMS Long Lom បានរកឃើញសាកសពមនុស្ស១២នាក់ នៅក្បែរទីតាំងដែលទូកទេសចរណ៍ឈ្មោះថា ហ្វីនិច (Phoenix) បានក្រឡាប់លិច ក្រោយពីត្រូវរលកធំៗបោកបក់ នៅតាមផ្លូវធ្វើដំណើរត្រឡប់ពីកោះរ៉ាឆា (Racha) មកកាន់ Phuket វិញ កាលពីរសៀលថ្ងៃព្រហស្បតិ៍។ សម្រាប់សាកសព០៥នាក់ទៀត ត្រូវបានស្រង់យកចេញពីក្នុងសមុទ្រមកវិញនៅក្បែរកោះម៉ៃថន (Mai Thon) ដែលនៅចម្ងាយប្រហែលពីរគីឡូម៉ែត្រភាគខាងកើតកន្លែងទូក Phoenix លិច។
គួរជម្រាបថា ទូកទេសចរណ៍ Phoenix មានដឹកមនុស្សសរុប១០៥នាក់ ក្នុងនោះមានភ្ញៀវទេសចរណ៍ចិន៩៣នាក់ ព្រមទាំង១២នាក់ទៀតជាក្រុមអ្នកធ្វើការនៅលើទូក និងមគ្គុទេសក៍ទេសចរណ៍ម្នាក់។ នៅក្រោយពេលលិច សាកសពរបស់បុរសជនជាតិចិនម្នាក់ត្រូវបានគេរកឃើញកាលពីយប់ថ្ងៃព្រហស្បតិ៍។ មកទល់ពេលនេះ មនុស្ស៤៨នាក់ ក្នុងនោះមានភ្ញៀវទេសចរ៣៦នាក់ និងមគ្គុទេសក៏ទេសចរណ៍ព្រមទាំងក្រុមការងារទូកទាំង១២នាក់ ត្រូវបានជួយសង្រ្គោះ ខណៈដែលមនុស្ស៣៩នាក់ទៀត កំពុងបន្តបាត់ខ្លួន។
នៅម្សិលមិញនេះ ទូកទេសចរណ៍មួយគ្រឿងផ្សេងទៀត ដែលមានដឹកអ្នកដំណើរ៣៩នាក់ ក្នុងនោះក៏មានភ្ញៀវទេសចរចិនផងដែរនោះ ព្រមទាំងក្រុមការងារទូកពីរនាក់ ក៏បានក្រឡាប់លិចដែរ ប៉ុន្តែសំណាងល្អមនុស្សទាំងនោះ ត្រូវបានជួយសង្រ្គោះទាន់ពេលវេលា៕