Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីការបរទេសអាមេរិក បំពេញទស្សនកិច្ចជាលើកទីបីនៅកូរ៉េខាងជើង

06-07-2018 13:44

(សេអ៊ូល)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានធ្វើដំណើរទៅដល់ប្រទេសកូរ៉េខាងជើងហើយ នៅថ្ងៃសុក្រនេះ ក្នុងគោលបំណងបញ្ជាក់លម្អិតបន្ថែមពីផែនការរបស់ទីក្រុងព្យុងយ៉ាង ក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរ ក៏ដូចជា ពិភាក្សាផងដែរពាក់ព័ន្ធនឹងការប្រគល់អដ្ឋិធាតុទាហានអាមេរិក ដែលសា្លប់ក្នុងសង្រ្គាមកូរ៉េ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ ងារសារព័ត៌មាន Reuters​ នៅថ្ងៃសុក្រ ទី០៦ ខែកក្កដា ឆ្នាំ២០១៨។

នេះគឺជាដំណើរទស្សនកិច្ចមកកាន់ទីក្រុងព្យុងយ៉ាង ជាលើកបីរបស់ លោក ប៉ុមប៉េអូ និងជាលើកដំបូងបំផុតគិតចាប់តាំងពីជំនួប កំពូលរវាងលោកដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នៅក្នុងប្រទេសសិង្ហបុរីកាលពីខែមិថុនា កន្លងទៅ។ មួយវិញទៀត បើតាម កាលវិភាគ រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ នឹងស្ថិតនៅក្នុងប្រទេសកូរ៉េខាងជើងមួយថ្ងៃកន្លះ រហូតដល់ថ្ងៃសៅរ៍។

គួរបញ្ជាក់ថា ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅកូរ៉េខាងជើង លោក ប៉ុមប៉េអូ នឹងបន្តធ្វើដំណើរទៅកាន់ទីក្រុងតូក្យូ ដើម្បីចូលរួម ក្នុងកិច្ចប្រជុំត្រីភាគីជាមួយសមភាគីកូរ៉េខាងត្បូង លោកស្រី Kang Kyung-wha និងសមភាគីជប៉ុន លោក Taro Kono នៅចុង សប្ដាហ៍នេះ៕