(ប៉េកាំង)៖ ក្រោយការតម្លើងពន្ធរបស់អាមេរិក ទៅលើទំនិញរបស់ចិន ត្រូវបានចុះ​ហត្ថលេខាដាក់​ឲ្យដំណើរជាធរមាននោះ មហាយក្សចិន​ក៏មិនអាចបង្អង់​នៅស្ងៀមយូរដែរ ដោយទីក្រុងប៉េកាំង​បានប្រកាសក្តែងៗថា «ចិនត្រូវបង្ខំឲ្យចាត់វិធានការ​ជាចាំបាច់ ដើម្បីឆ្លើយទៅហ្នឹង​ទង្វើរបស់អាមេរិក​វិញ»។ នេះបើតាម​ការចេញផ្សាយ​ដោយ Channel News Asia នារសៀលថ្ងៃសុក្រ ទី០៦ ខែកក្កដា ឆ្នាំ២០១៨។

ក្រសួងសេដ្ឋកិច្ច​ចិន បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបញ្ជាក់ជំហរ​ច្បាស់​លាស់​យ៉ាងដូច្នេះថា «ចិនធ្លាប់​សន្យាហើយថា នឹងមិនបាញ់គ្រាប់​កាំភ្លើងចេញមុននោះទេ ប៉ុន្តែ​ដើម្បីការពារ​ប្រយោជន៍ស្នូល​នៃប្រទេសជាតិ និងប្រយោជន៍​នៃប្រជាជននោះ យើង​ត្រូវតែបង្ខំចិត្ត​ចាត់វិធានការ​ចាំបាច់ ដើម្បីតបត​ទៅវិញ»។ ទោះបីជា​សេចក្តីថ្លែងការណ៍​ខាងលើនេះនេះ​មិនបាន​បញ្ជាក់ថា ចំណាត់ការ​ឆ្លើយតបនោះ គឺជាអ្វីឲ្យ​ប្រាកដក៏ដោយ ប៉ុន្តែចិន​ធ្លាប់​បានអះអាង​ហើយថា ខ្លួន​នឹងតម្លើងពន្ធតប​ទៅអាមេរិកក្នុង​តម្លៃដូចគ្នា។

គួរបញ្ជាក់ថា សង្រ្គាម​​ពាណិជ្ជកម្ម​រវាងមហាអំណាច​សេដ្ឋកិច្ចកំពូលៗ​​ទាំងពីរ​លើលោក បានចាប់ផ្តើម​ជា​ផ្លូវការហើយ​នា​ពេលនេះ ព្រោះរដ្ឋបាល​លោក ដូណាល់ ត្រាំ បានសម្រេច​អនុវត្តន៍តាមការគំរាម​កំហែងរបស់ខ្លួន ក្នុងការដំឡើងពន្ធ​លើផលិតនាំ​ចូល​ពី​​ចិន​​​​គិតជា​ទំហំសរុប ៣៤ពាន់លានដុល្លារ។

បើតាមការអះអាង​ពីប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ដែលហាក់​ដូចជាពុំបាន​បង្ហាញសញ្ញា​​ពី​ការ​បន្ធូរ​បន្ថយ​​ដៃ​អ្វី​​បន្តិច​​សោះ​នោះ ចំណាត់ការ​ដំឡើងពន្ធ​ជុំទីមួយ​លើទំនិញចិន ៣៤ពាន់លានដុល្លារនេះ នឹងតាមពីក្រោយ​ដោយការបង្កើន​ពន្ធ ១៦ពាន់លានដុល្លារ​​​​​ផ្សេងទៀត ហើយលោក ត្រាំ បានបន្តព្រមាន​ទីក្រុងប៉េកាំង​ថា នឹងដំឡើងពន្ធ​លើទំនិញ​នាំចូលរបស់ចិន​រហូតដល់ ៤៥០ពាន់លាន​ដុល្លារ​​ថែមទៀតផង នៅក្នុងករណីចិននៅតែរឹងទទឹង ចង់សងសឹក​នឹង​សហរដ្ឋអាមេរិក។

ការផ្ទុះឡើងកាន់​តែក្តៅគគុក នៃសង្រ្គាម​ពាណិជ្ជកម្ម ដែលប្រែក្លាយ​ពីការគំរាមចុះគំរាមឡើងមកជាការពិតនេះ ត្រូវបានគេព្រមានថា នឹងបង្កផលប៉ះពាល់ដល់​បណ្តាញផ្គត់ផ្គង់​នានា ជុំវិញពិភពលោក, និងបង្កឲ្យមាន​ការកើនឡើង​ថ្លៃទំនិញ សម្រាប់អាជីវកម្ម និង​អតិថិជន ព្រមទាំងធ្វើ​ឲ្យរង្គោះរង្គើទីផ្សារភាគហ៊ុន នៅទូទាំងសកលលោក​ជាក់ជា​ពុំខាន៕