(វ៉ាស៊ីនតោន)៖ នៅទីបំផុតសង្រ្គាមពាណិជ្ជកម្ម រវាងមហាអំណាចសេដ្ឋកិច្ចកំពូលៗទាំងពីរលើលោក បានចាប់ផ្តើមជាផ្លូវការហើយនាពេលនេះ ព្រោះរដ្ឋបាលលោក ដូណាល់ ត្រាំ បានសម្រេចអនុវត្តន៍តាមការគំរាមកំហែងរបស់ខ្លួន ក្នុងការដំឡើងពន្ធលើផលិតនាំចូលពីចិនគិតជាទំហំសរុប ៣៤ពាន់លានដុល្លារ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានអាមេរិក New York Times នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែកក្កដា ឆ្នាំ២០១៨។
វាច្បាស់ណាស់ថា ការកើនឡើងនៃភាពតានតឹងផ្នែកពាណិជ្ជកម្មខាងលើនេះ នឹងអាចជះផលអាក្រក់ជាខ្លាំង ដល់បណ្តាក្រុមហ៊ុន និងអតិថិជនទាំងនៅក្នុងសហរដ្ឋអាមេរិក និងនៅប្រទេសចិន។ ម៉្យាងវិញទៀត ចំណាត់ការបង្កើនពន្ធលើទំនិញនាំចូលពីចិន ដែលបានចូលជាធរមានជាផ្លូវការនេះ ប្រាកដជានឹងបង្ខំឲ្យមានការវាយបក និងតបតវិញភ្លាមៗតែម្តងពីទីក្រុងប៉េកាំង។ ចិនធ្លាប់បានព្រមានថា នឹងធ្វើការយកពន្ធទៅលើទំនិញដែលនាំចូលពីសហរដ្ឋអាមេរិក ក្នុងទំហំដូចគ្នា ដោយក្នុងនោះរួមមានសាច់ជ្រូក សណ្តែកសៀង និងយានយន្តជាដើម។
គួរជម្រាបថា ការផ្ទុះឡើងកាន់តែក្តៅគគុក នៃសង្រ្គាមពាណិជ្ជកម្ម ដែលប្រែក្លាយពីការគំរាមចុះគំរាមឡើង មកជាការពិតនេះ ត្រូវគេព្រមានថា នឹងបង្កផលប៉ះពាល់ដល់បណ្តាញផ្គត់ផ្គង់នានា ជុំវិញពិភពលោក, និងបង្កឲ្យមានការកើនឡើងថ្លៃទំនិញ សម្រាប់អាជីវកម្ម និងអតិថិជន ព្រមទាំងធ្វើឲ្យរង្គោះរង្គើទីផ្សារភាគហ៊ុន នៅទូទាំងសកលលោកជាក់ជាពុំខាន។
បើតាមការអះអាងពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលហាក់ដូចជាពុំបានបង្ហាញសញ្ញាពីការបន្ធូរបន្ថយដៃអ្វីបន្តិចសោះនោះ ចំណាត់ការដំឡើងពន្ធជុំទីមួយលើទំនិញចិន ៣៤ពាន់លានដុល្លារនេះ នឹងតាមពីក្រោយដោយការបង្កើនពន្ធ ១៦ពាន់លានដុល្លារផ្សេងទៀត ហើយលោក ត្រាំ បានបន្តព្រមានទីក្រុងប៉េកាំងថា នឹងដំឡើងពន្ធលើទំនិញនាំចូលរបស់ចិនរហូតដល់ ៤៥០ពាន់លានដុល្លារថែមទៀតផង នៅក្នុងករណីចិននៅតែរឹងទទឹង ចង់សងសឹកនឹងសហរដ្ឋអាមេរិក៕