(បរទេស)៖ ពិភពលោកពិតជាធំធេងណាស់ ហេតុដូច្នេះ​សកម្មភាពប្លែកៗ​របស់មនុស្ស តែងតែកើតមាន​​ឡើង​ជារៀងរាល់ថ្ងៃ ដែលរឿងរ៉ាវខ្លះ​គួរឲ្យយើងធ្វើការស្វែង​យល់ពីសកម្មភាព​នោះ និងដើមចម​ដែលនាំឲ្យវាកើតឡើង ខណៈខ្លះទៀត​ជារឿងរ៉ាវដែលគួរ​យកគំរូតាម និង​កោតសរសើរ។ ខាង​ក្រោមនេះ គឺជាខ្សែវីដេអូអន្តរជាតិពិសេសៗ និងប្លែកៗទាំង ០៥ ដែលលោកអ្នក​មិនគួរមើលរំលង៖

១៖ ដោយទ្រាំនឹងទង្វើ​ដែលរដ្ឋបាល លោក ដូណាល់ ត្រាំ កំពុងអនុវត្តន៍​មិនបាន នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ ជាទិវា​ខួបលើកទី ២៤២ នៃបុណ្យ​ឯករាជ្យជាតិ​អាមេរិក ស្ត្រីជនជាតិ​ស្បែកខ្មៅម្នាក់​បានព្យាយាម​ឡើងទៅកាន់ទម្រនៃរូប​ចម្លាក់សេរីភាព (Status of Liberty) ក្នុងបុរីញូយ៉ក ដើម្បីលើកបដា​​បង្ហាញការមិនពេញ​ចិត្ត​ចំពោះនយោបាយ​ចាប់ខ្លួនជន​អន្តោប្រវេសន៍​ខុសច្បាប់ រួចពង្រាត់ក្មេងៗ​ចេញពីឪពុកម្តាយ​ថែមទៀត។

២៖ ក្រុមហ៊ុនបច្ចេក​វិទ្យាយក្ស Baidu របស់ចិន បានបញ្ចេញរូបរាង​រថយន្តគំរូ​មួយ ដែលខ្លួនគ្រោងនឹងធ្វើការផលិត​ទ្រង់ទ្រាយធំតែម្តង ដើម្បីបំពេញ​តម្រូវការផ្នែក​ដឹក​ជញ្ជូននៅ​តាមទីក្រុងធំៗរបស់​ប្រទេសចិន។ វាត្រូវបានហៅ​ឈ្មោះថា រថយន្តក្រុង Apolong មានគោលដៅ​បម្រើវិស័យដឹក​ជញ្ជូនស្អាត ហើយបើកទូលាយ​សម្រាប់ការចូលរួមសហការ​ពីសំណាក់ដៃគូជាតិ និងអន្តរជាតិចំនួន ១១៦ ក្នុងនោះមានទាំង ក្រុមហ៊ុន Microsoft និង Nvidia ផងដែរ។

៣៖ មន្ត្រីប៉ូលិសចិន​តស៊ូពុះពារនឹងទឹកជំនន់​ហូរខ្លាំង ដើម្បីជួយសង្គ្រោះ និងសម្រួល​ដំណើររបស់មនុស្ស​ក្មេងចាស់​ប្រុសស្រី ដែលងាយ​រងគ្រោះបំផុត ដោយសារតែគ្រោះ​ធម្មជាតិដ៏អាក្រក់ បង្កឡើង​ដោយភ្លៀងធ្លាក់យ៉ាង​គំហុក។ គាត់បាន​ផ្សងគ្រោះថ្នាក់ឆ្លងទឹកហូរជាង ៤០ដង ដើម្បីសម្រួលដំណើរ​ប្រជាជន។

៤៖ អ្នកបង្វឹកសត្វអូទ្រីស​ឲ្យសម្តែងនៅវេទិកា ចំពោះមុខមហាជន​នានានៅតំបន់ Kazan ប្រទេស​រុស្ស៊ី ប៉ុន្តែបែរជាមិនអាចបញ្ជាសត្វរបស់ខ្លួនទៀតបាន ទើបសត្វនោះផ្អើលឆោឡោ និងរត់ទៅជាន់​លើក្រុមអ្នក​ទស្សនាតែម្តង។ នៅក្នុង​ហេតុការណ៍នោះ ត្រូវបាន​គេរាយការណ៍ថា បានបង្កឲ្យមនុស្ស​ម្នាក់រងរបួស ហើយការសម្តែង​សត្វអូទ្រីស ក៏ត្រូវបញ្ចប់ផងដែរ។

៥៖ ចិនដាក់ឲ្យដំណើរការ​ គ្រឿងយន្តត្រួតពិនិត្យ​បច្ចេកទេសក្នុងទឹក​ខ្នាតធំ ដែលអាចថា ជាប្រភេទថ្មី​មិនធ្លាប់មាន​លើលោក នៅក្នុងទីក្រុងក្វាងចូវ នៃខេត្តក្វាងទុង ដោយវា​មានតួនាទីក្នុង​ត្រួតពិនិត្យបណ្តាញខ្សែកាប​​ ដែលបង្កប់នៅបាតសមុទ្រ និងជាអ្នកការពារ​​បរិស្ថាន​ នៃវិស័យនាវាចរ​ផងដែរ។