(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចជ្រើសរើសអតីតនាយកម្នាក់នៃបណ្តាញសារព័ត៌មាន Fox News ដែលតែងតែបានសរសេរគាំទ្ររដ្ឋបាលរបស់បក្សសាធារណរដ្ឋ គឺលោក បៀល សាញ (Bill Shine) ឲ្យកាន់តួនាទីជាអនុប្រធានបុគ្គលិក ទទួលបន្ទុកផ្នែកទំនាក់ទំនងប្រចាំការិយាល័យរបស់លោក។ នេះបើតាមការបញ្ជាក់ពីសេតវិមាន ដកស្រង់ខ្លឹមសារដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែកក្កដា ឆ្នាំ២០១៨។
នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ខ្លួន សេតវិមានបានឲ្យដឹងថា លោក Shine មានបទសោធន៍ខាងផ្នែករៀបចំកម្មវិធីទូរទស្សន៍ ផ្នែកទំនាក់ទំនង និងផ្នែកគ្រប់គ្រងអស់រយៈពេលប្រមាណជា ២០ឆ្នាំ ដែលកត្តានេះពិតជាអំណោយផល សម្រាប់តួនាទីរបស់លោកនៅក្នុងសេតវិមាន។
គួរជម្រាបថា លោក Shine កើតនៅឆ្នាំ១៩៦៣ បានឡើងតំណែងជា សហអគ្គនាយករបស់សារព័ត៌មានអាមេរិក Fox News ដែលជាប៉ុស្តិ៍ទូរទស្សន៍សំណព្វចិត្តរបស់លោក ត្រាំ កាលពីឆ្នាំ២០១៦ ប៉ុន្តែត្រូវបានដកតំណែងវិញ ដោយសារសមត្ថភាពនៃការដោះស្រាយបញ្ហារបស់លោក ជុំវិញរឿងអាស្រូវបៀតបៀនផ្លូវភេទ ដែលមានជាប់ទាក់ទិននឹងលោក រ៉ូជើ អៃឡែស (Roger Ailes) អតីតនាយកប្រតិបត្តិ និងប្រធានក្រុមប្រឹក្សាភិបាល នៃបណ្តាញសារព័ត៌មានអាមេរិកមួយនេះ៕