(ម៉ូស្គូ)៖ វគ្គចាញ់-ធ្លាក់ ៨ក្រុមចុងក្រោយនឹងចាប់ផ្តើមប្រកួតរាត្រីនេះនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2018 ដែលមានរុស្ស៊ីធ្វើម្ចាស់ផ្ទះ គឹជាការជួបគ្នារវាងក្រុមជម្រើសជាតិមាន់គកបារាំង ប៉ះអ៊ុយរ៉ាហ្គាយ នៅម៉ោង ៩យប់ថ្ងៃសុក្រ ទី០៦ ខែកក្កដា មុនពេលប្រេស៊ីល ជួបប៊ែលហ្ស៊ិក នៅម៉ោង ១យប់រំលងអាធ្រាត្រ។
បារាំង បានទម្លាក់អតីតក្រុមរងជើងឯក World Cup 2014 អាហ្សង់ទីន ត្រឹម៩០នាទី ដោយលទ្ធផលបច្ចេកទេស ៤-៣ ក្នុងវគ្គ១៦ក្រុមចុងក្រោយ ដើម្បីបន្តប្រវត្តិលេងមិនចាញ់ក្នុង៤ប្រកួតនៅ World Cup លើកទី២១នេះ ដែលត្រូវបានក្រុមខ្លាំងមកពីតំបន់អាមេរិកឡាទីន អ៊ុយរ៉ាហ្គាយ ដែលបានទម្លាក់ម្ចាស់ជើងឯកអឺរ៉ុប Euro 2016 ព័រទុយហ្គាល់ ២-១ ក្នុងវគ្គ ១/៨ដូចគ្នា។
សម្រាប់១ប្រកួតទៀតនៅម៉ោង ១យប់រំលងអាធ្រាត្រ គឺជាការជួបគ្នារវាងអតីតម្ចាស់ផ្ទះជើងឯក World Cup ៥សម័យកាលច្រើនជាងគេ សាំបាប្រេស៊ីល ប៉ះក្រុមនៅអឺរ៉ុប ប៊ែលហ្ស៊ិក ក្នុងខណៈក្រុមរបស់ Neymar បានទម្លាក់មិចស៊ិក ២-០ ក្នុងវគ្គ១៦ មុនពេលប៊ែលហ្ស៊ិក បានវាយបកឈ្នះសាម៉ូរៃជប៉ុន ៣-២ នៅនាទីចុងម៉ោងក្នុងវគ្គ ១៦ក្រុមចុងក្រោយដូចគ្នា។
សូមបញ្ជាក់ផងដែរថា ២ក្រុមឈ្នះនឹងឡើងទៅប៉ះគ្នានៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាបន្តទៀត មុនពេល២ប្រកួតទៀត នឹងធ្វើឡើងនៅថ្ងៃស្អែកដែលជាការជួបគ្នារវាងក្រូអាត ប៉ះម្ចាស់ផ្ទះរុស្ស៊ី និងអង់គ្លេស ជួបស៊ុយអែត ដើម្បីបញ្ចប់វគ្គ៨ក្រុមចុងក្រោយ៕