(បាងកក)៖ អាជ្ញាធរថៃបាន​ប្រាប់ឲ្យដឹងថា អតីតនាយទាហានជើងទឹកថៃម្នាក់ ដែលបំពេញ​​​ការងារក្នុងការជួយ​សង្គ្រោះ​មនុស្សទាំង១៣នាក់ នៅក្នុងរូងភ្នំថាំលួង នៃខេត្តឈៀងរ៉ាយ ភាគខាងជើង​ប្រទេសនោះ បានស្លាប់បាត់​បង់ជីវិតហើយ ដោយសារតែ​ការខ្វះ​អុកស៊ីសែន។ នេះបើ​តាមការចេញផ្សាយ​ដោយសារព័ត៌មាន Washington Post នៅមុននេះ​បន្តិចនាព្រឹក​ថ្ងៃសុក្រ ទី០៦ ខែកក្កដា ឆ្នាំ២០១៨។

សារព័ត៌មាន​ខាងលើបាន​បន្តទៀតថា អតីតនាយទាហាន​ជើងទឹកថៃ និងជាអ្នក​ជំនាញ​មុជទឹកដែរនោះ​មាន​ឈ្មោះថា សាម៉ាណ គូណាន (Samarn Kunan) បានទទួល​មរណភាព​អំឡុងពេលលោក​កំពុងតែរៀបចំធុង​ឧស្ម័ន​អុកស៊ីសែន នៅក្នុងរូងភ្នំថាំលួង ទីដែលប្រតិបត្តិការ​ជួយសង្គ្រោះ​មនុស្សទាំង ១៣នាក់ កំពុងបន្តនៅឡើយ។

គួរបញ្ជាក់ថា សពរបស់លោក សាម៉ាណ គូណាន ត្រូវបានដឹក​ទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិសុវណ្ណភូមិ នៃទីក្រុង​បាងកក ដើម្បីរៀបចំ​​បញ្ជូនបន្ត​ទៅកាន់​ខេត្ត រ៉យ អេត (Roi Et) ភាគខាងកើត​ប្រទេសថៃ ដែលជាស្រុកកំណើត​របស់លោក។ លោកជា​មនុស្ស​​ដំបូង​ហើយ ដែលបាន​បាត់បង់ជីវិត បន្ទាប់ពីកើត​មានហេតុការណ៍​​មនុស្សបាត់ខ្លួន​ ក្នុងរូងភ្នំ​ថាំលួង នារយៈពេល ១៣ថ្ងៃ​មកនេះ៕