​(បាងកក)៖ ក្រុមអ្នកជួយ​សង្រ្គោះថៃ កំពុងពិចារណាលើ​ជម្រើសថ្មីជាច្រើន​ ដើម្បីជួយសង្រ្គោះក្មេង​ប្រុសទាំង ១២នាក់ និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេ​ម្នាក់ចេញពីរូងភ្នំ​ថំាលួង ដែលបានជាប់នៅក្នុងនោះ​អស់រយៈពេលជាង ១៣ថ្ងៃមកនេះ ខណៈពួកគេ​កំពុងប្រឈមមុខ​នឹងភ្លៀងធ្លាក់ខ្លាំង ដែលអាច​នឹងរំខានដល់ប្រតិបត្តិការ​ជួយ​សង្រ្គោះ។ នេះបើ​តាមការចេញ​ផ្សាយដោយ​សារព័ត៌មាន Channel News Asia​ នៅ​ព្រឹកថ្ងៃសុក្រ ទី០៦​ ខែកក្កដា ឆ្នាំ២០១៨។

អភិបាលខេត្ត​ឈៀងរ៉ាយ លោក ណារ៉ុងសាក់ អូសូតតាណាខន (Narongsak Osottanakorn) បានលើក​ឡើង​ដូច្នេះថា «យើងកំពុងព្យាយាម​ស្វែងរក​ជម្រើស និងបច្ចេកទេស​ថ្មី​ជាច្រើន ដើម្បីជួយយក​អ្នកទាំង ១៣នាក់ ចេញមក​ខាងក្រៅ»

អភិបាល​ខេត្តរូប​នេះ​បានបញ្ជាក់​ទៀតថា ក្នុងចំណោម​មធ្យោបាយ​ជួយសង្រ្គោះ​ក្នុងនោះរួមមាន​ការបង្រៀនអ្នក​ទាំង ១៣នាក់ ពីរបៀបមុជ និងហែលទឹក ការផ្សងព្រេងដ៏គ្រោះថ្នាក់, របៀបរស់នៅក្នុងរូងភ្នំរយៈពេលយូរ រហូតដល់រដូវភ្លៀងបញ្ចប់ ឬទឹកស្រក, ព្រមទាំងការខួងច្រកចូលរូង ដើម្បីយកអ្នកទាំងនេះចេញ មកក្រៅតែម្ដងជាដើម ប៉ុន្តែដោយសារតែខ្លាចមានការបាក់ដី ប៉ះពាល់ដល់អាយុ​ជីវិត​មនុស្សនៅក្នុងរូងភ្នំនោះ ទើបគំនិតនៃការខួងផ្នែកខ្លះនៃរូងភ្នំត្រូវបានផ្អាកសិន។

គួររំលឹកថា ក្មេងប្រុសទាំង ១២នាក់ មានអាយុ​ចន្លោះពីឆ្នាំ ១១ ដល់ ១៦ឆ្នាំ និងគ្រួបង្វឹកបាល់ទាត់របស់ពួកគេម្នាក់អាយុ ២៥ឆ្នាំ ត្រូវបានគេរកឃើញថា នៅមានជីវិតក្រោម​ប៉ុន្តែស្ថិតក្នុងអការៈស្គមស្គាំង នៅក្នុងរូងភ្នំថំាលួង នៅឯខេត្តឈៀងរ៉ាយ នៃភាគខាងជើង​ប្រទេសថៃ កាលពីថ្ងៃចន្ទ ក្រោយបាត់​ខ្លួនអស់០៩ រាប់ចាប់តាំង​ពីថ្ងៃទី២៣ ខែមិថុនាមក៕