(ម៉ិចស៊ីកូ)៖ មនុស្សយ៉ាងហោចណាស់ ២៤នាក់បានស្លាប់ និង៣២នាក់ទៀតរងរបួស នៅក្នុងហេតុការណ៍ផ្ទុះឃ្លាំងស្ដុកកាំជ្រួចមួយកន្លែង នៅក្នុងប្រទេសម៉ិចស៊ីកូ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែកក្កដា ឆ្នាំ២០១៨។
យោងតាមអាជ្ញាធរនៅក្នុងតំបន់ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះនាម៉ោង ៩៖៣០នាទីព្រឹក (ម៉ោង នៅក្នុងតំបន់) នៅឯឃ្លាំងស្ដុកកាំជ្រួចរបស់រោងចក្រមួយ ស្ថិតនៅក្នុងទីក្រុង ទុលតេប៉ិច (Tultepec) នៃភាគខាងជើងប្រទេសម៉ិចស៊ីកូ។ ការផ្ទុះដំបូង ឡើយកើតចេញពីឃ្លាំងស្ដុកមួយ ប៉ុន្តែវាបានរាលដាលដល់ឃ្លំាងដទៃទៀត បង្កជាការផ្ទុះដ៏សម្បើម ដែលបានផ្ដាច់យកជីវិតក្រុមអ្នកពន្លត់អគ្គិភ័យ ០៤នាក់ និងមន្ត្រីប៉ូលិស ០២នាក់ ក្នុងចំណោមជនរងគ្រោះ ២៤នាក់។
ប៉ុន្តែមិនទាន់មានការបញ្ជាក់ពីមូលហេតុផ្ទុះនេះនៅឡើយទេ ខណៈគ្រោះថ្នាក់បែបនេះបានកើតឡើងជាញឹកញយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ ជាក់ស្ដែងការផ្ទុះបែបនេះ កាលពីខែមុនក្នុងទីក្រុង Tultepec សម្លាប់មនុស្ស ០៧នាក់ និងរបួសជាច្រើននាក់៕