(បាងកក) ៖ យោងតាមសារព័ត៌មាន Channel News Asia ចុះផ្សាយនាយប់ថ្ងៃទី៥ កក្កដានេះ បានឲ្យដឹងថា មានមនុស្ស៤៩នាក់ បាននឹងកំពុងបាត់ខ្លួន បន្ទាប់ពីទូកមួយគ្រឿង បានក្រឡាប់លិច នៅក្នុងទឹកសមុទ្រ នៃកោះ Phuket ជាតំបន់ទេសចរណ៍របស់ប្រទេសថៃ, នេះបើតាមសម្តីអភិបាលខេត្ត Phuket ជាខេត្តភាគខាងត្បូង ប្រទេសថៃ បានឲ្យដឹងយ៉ាងដូច្នេះ។
ទូកនេះ ផ្ទុកដោយក្រុមភ្ញៀវទេសចរ ប្រមាណ៩០នាក់ បានក្រឡាប់លិច នៅពេលដែលកំពុងធ្វើដំណើរចេញពីកោះ Koh Racha ត្រឡប់ទៅកាន់កោះ Phuket វិញ។ «ពាក់កណ្តាលនៃពួកគេ ត្រូវបានជួយសង្គ្រោះ ហើយប្រតិបត្តិការជួយសង្គ្រោះ កំពុងបន្តធ្វើឡើង» នេះបើតាមមន្ត្រី អភិបាលខេត្តរូបនេះបានបន្ថែម។
ឧប្បទ្ទវហេតុដាច់ដោយឡែកមួយទៀត បានកើតឡើងនៅតំបន់ដូចគ្នានេះ នាល្ងាចថ្ងៃព្រហស្បតិ្តដដែលនេះ ដោយទូកជិះកម្សាន្តមួយគ្រឿង ផ្ទុកដោយមនុស្ស៣៩នាក់ បានក្រឡាប់លិចផងដែរ។
សូមជម្រាបថា ថៃ បានក្លាយជាប្រទេសដែលគេកំពុងចាប់អារម្មណ៍ខ្លាំង សម្រាប់បេសកកម្មជួយសង្គ្រោះ នៅភាគខាងជើងនៃប្រទេស បន្ទាប់ពីក្រុមកុមារចំនួន១២នាក់ និងគ្រូបង្វឹករបស់ពួកគេ បានជាប់នៅក្នុងរូងភ្នំ៕