(ហ្សាការតា)៖ សំឡេងផ្ទុះយ៉ាងកក្រើកចំនួនបីលើកផ្ទួនៗគ្នា ត្រូវបានបន្លឺឡើងនៅក្នុងទីក្រុង បាងហ្គីល (Bangil) នៃតំបន់ ផាសួរូអាន (Pasuruan) ក្នុងខេត្តជ្វាភាគខាងកើត និងបានបណ្តាលឲ្យក្មេងប្រុសម្នាក់រងរបួស ប៉ុន្តែពុំបានបង្កឲ្យមានមនុស្សបាត់បង់ជីវិតឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៥ ខែកក្កដា ឆ្នាំ២០១៨។
បើតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យប៉ូលិសខេត្តជ្វាភាគខាងកើត សំឡេងទាំងនោះ គឺជាករណីផ្ទុះគ្រាប់ចំនួនបីគ្រាប់ នៅក្នុងលំនៅឋានមួយខ្នង។ ភ្លាមៗក្រោយពេលកើតហេតុ បុរសម្នាក់ដែលមានស្ពាយកាបូបមួយពីក្រោយខ្នង បានរត់ចេញពីផ្ទះកើតហេតុ ហើយត្រូវដេញតាមពីក្រោយដោយក្រុមប្រជាជន។ ជាមួយគ្នានេះ កម្លាំងប៉ូលិសកំពុងតាមចាប់ជនរូបនោះ ដែលត្រូវសង្ស័យថា ជាអ្នកនៅពីក្រោយការបំផ្ទុះគ្រាប់បែបនេះ។
ក្មេងប្រុសដែលរបួសមានអាយុ ០៦ឆ្នាំ និងត្រូវគេជឿថា ជាកូនប្រុសរបស់ជនសង្ស័យ ហើយកុមារាម្នាក់នោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ខណៈស្រ្តីនាក់ ដែលគេជឿថា ជាប្រពន្ធរបស់បុរសខាងលើ និងមិនបានរត់ចេញពីផ្ទះកើតហេតុនោះ ត្រូវបានប៉ូលិសឃាត់ខ្លួនទុក។
គួរជម្រាបថា វាមិនទាន់មានការបញ្ជាក់ច្បាស់លាស់ ពីអាជ្ញាធរនៅឡើយទេ ប៉ុន្តែដោយសម្អាងលើករណីភេរវកម្មនាពេលថ្មីៗ នៅក្នុងខេត្តជ្វាខាងកើត របស់ឥណ្ឌូណេស៊ី ហេតុការណ៍ផ្ទុះខាងលើ ក៏អាចមានជាប់ព័ន្ធនឹងក្រុមភេរវករផងដែរ៕