ភាពវិជ្ជមានបន្ថែម! កូរ៉េខាងជើងអំពាវនាវឲ្យកូរ៉េខាងត្បូង «ពន្លឿនកិច្ចចរចាអន្តរកូរ៉េ» ខណៈស្ថានការណ៍ទូទៅកំពុងល្អប្រសើរ!
05-07-2018 16:10
(សេអ៊ូល)៖ កូរ៉េខាងជើងបានស្នើឱ្យកូរ៉េខាងត្បូង បង្កើនល្បឿនកិច្ចចរចាអន្តរកូរ៉េ តាមមធ្យោបាយជាក់ស្ដែងបន្ថែមទៀត ខណៈស្ថានភាពនៅលើឧបទ្វីបកូរ៉េ កំពុងមានភាពល្អប្រសើរ។ នេះបើតាមលោក ចូ ម្យុងក្យុន (Cho Myoung-gyon) ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែកក្កដា ឆ្នាំ២០១៨។
រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង លោក Cho Myoung-gyon ថ្លែងបែបនេះប្រាប់ក្រុមអ្នកសារព័ត៌មាន ដែលបានអមដំណើរទៅជាមួយលោកក្នុងទីក្រុងព្យុងយ៉ាង នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីជួបប្រជុំជាមួយលោក គីម យ៉ុងចុល (Kim Yong Chol) ជាអនុប្រធាន នៃគណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េ (WPK)។
លោក Cho បានទៅដល់ទីក្រុងព្យុងយ៉ាង តាំងតែពីថ្ងៃអង្គារមកម្ល៉េះ ដើម្បីដឹកនាំប្រតិភូ និងក្រុមកីឡាករបាល់បោះកូរ៉េខាងត្បូង ទៅចូលរួមក្នុងការប្រកួតកីឡាបាល់បោះមិត្តភាព ជាមួយក្រុមកីឡាករបាល់ បោះកូរ៉េខាងជើង។
គួរជម្រាបជូនថា បើតាមលោក Cho លោក Kim Yong Chol បានស្នើឱ្យកូរ៉េខាងត្បូង បង្កើនល្បឿនកិច្ចចរចាអន្តរកូរ៉េ តាមមធ្យោបាយជាក់ស្ដែងបន្ថែមទៀត ហើយមិនតែប៉ុណ្ណោះ លោកក៏បានអះអាងដែរថា កូរ៉េខាងត្បូង និងកូរ៉េខាងជើង ត្រូវតែសហការគ្នាដើម្បីទទួលបានលទ្ធផល ដែលប្រជាជនទាំងពីរទទួលស្គាល់ តាមរយៈការអនុវត្តកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ៕