(ចិន)៖ ភ្នំ ហ្វ៉ានជីងសាន (Fanjingshan) ដែលស្ថិតនៅជិតទីក្រុងថុងរឹន ក្នុងខេត្តគួយចូវ ភាគនិរតីប្រទេសចិន ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅពីថ្ងៃចន្ទដើមសប្តាហ៍នេះ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤២ នៅប្រទេស បារេន (Bahrain)។

នេះជាតំបន់ទី១៣ របស់ប្រទេសចិនហើយ ដែលចូលក្នុងបញ្ជីបេតិកភណ្ឌធម្មជាតិពិភពលោក។

នៅខែតុលាឆ្នាំ២០១៣ ភ្នំ ហ្វ៉ានជីងសាន ត្រូវបានគេចុះបញ្ជីថាជាបេតិកភណ្ឌធម្មជាតិជាតិរបស់ប្រទេសចិន ហើយជាកំពូលភ្នំខ្ពស់ជាងគេ នៅជួរភ្នំ អ៊ូលីង (Wuling) ដែលមានកម្ពស់២៥៧២ ម៉ែត្រ។

សហភាពអន្តរជាតិ សម្រាប់ការអភិរក្សធម្មជាតិ (IUCN) ដែលជាស្ថាប័នផ្តល់យោបល់ផ្លូវការលើតំបន់ធម្មជាតិ នៃកិច្ចប្រជុំបេតិកភ័ណ្ឌអង្គការយូណេស្កូបាននិយាយថាភ្នំ ហ្វ៉ានជីងសាន បានបង្ហាញពីគុណតម្លៃសោភ័ណភាពរបស់ខ្លួនថា ជាតំបន់បេតិកភណ្ឌធម្មជាតិ ហើយបានបំពេញតាមលក្ខណៈវិនិច្ឆ័យ នៃលក្ខខណ្ឌរបស់បេតិកភណ្ឌធម្មជាតិពិភពលោក។ លក្ខខណ្ឌនោះ តម្រូវឱ្យតំបន់ដែលជាប់ ក្នុងវគ្គជំរុះទាំងអស់ ត្រូវបង្ហាញពីភាពសម្បូរបែប នៃជីវចម្រុះនិងបូរណភាព។

ប្រព័ន្ធអេកូរបស់ ភ្នំ ហ្វ៉ានជីងសាន បានអភិរក្សរុក្ខជាតិបុរាណជាច្រើន ដែលជាប្រភេទកម្រ រងការគំរាមកំហែង ជិតផុតពូជ និងមានតែមួយ។ វាជាជម្រករបស់រុក្ខជាតិ ៤៣៩៥ ប្រភេទ និងសត្វ ២៧៦៧ ប្រភេទ។

ក្នុងនាមជាតំបន់បម្រុងដ៏សំខាន់បំផុតនៃព្រៃប៊ីច (Beech Forest) នៅអាស៊ី និងជាតំបន់ដែលសម្បូរដើមស្អាវ នៅលើពិភពលោក ភ្នំនេះក៏ជាទីជម្រកតែមួយគត់សម្រាប់ស្វាច្រមុះខើច ដ៏កម្រប្រចាំខេត្តគួយចូវ និងដើមស្អាវប្រចាំភ្នំហ្វ៉ានជីងសានផងដែរ។

លោក ឈីន ឆាងវ័យ អគ្គលេខាធិការនៃគណៈកម្មការជាតិ សាធារណរដ្ឋប្រជាមានិតចិន សម្រាប់អង្គការយូណេស្កូ បានថ្លែងថា «សមិទ្ធផលថ្មីនេះ គឺជាការខិតខំប្រឹងប្រែងរបស់ប្រទេសចិន ក្នុងការកសាងអរិយធម៌អេកូឡូស៊ី ហើយវាបង្ហាញដល់ពិភពលោក នូវការប្តេជ្ញាចិត្តយ៉ាងរឹងមាំរបស់រដ្ឋាភិបាលចិន និងវិធានការដ៏មានប្រសិទ្ធភាព ក្នុងការកសាងអរិយធម៌អេកូឡូស៊ី»

លោក ឈីន ឆាងវ័យ ថ្លែងទៀតថា «ភ្នំ ហ្វ៉ានជីងសាន ក៏មានសក្តានុពលវិជ្ជមានរយៈពេលវែង ដើម្បីដាក់បញ្ចូលទៅជាតំបន់បេតិកភណ្ឌពិភពលោកដែរ។ វានឹងជួយដល់ការអភិវឌ្ឍប្រកប ដោយនិរន្តរភាពរបស់យើង លើកស្ទួយវិស័យទេសចរណ៍ក្នុងស្រុក និងពង្រឹងការកសាងអេកូឡូស៊ី។ ហើយវាក៏នឹងបង្ហាញមុខមាត់ខេត្ត គួយចូវ ទៅកាន់ពិភពលោកផងដែរ»។ (សារព័ត៌មាន CCTV របស់ចិន)