(អាមេរិក)៖ បើតាមការបញ្ជាក់ពី ទីភ្នាក់ងារអវកាសអាមេរិក NASA នៅតែមិនទាន់ទទួលបានការទាក់ទងពីយានរុករក Opportunity ដដែល ខណៈដែលមហាព្យុះធូលីដ៏ធំសម្បើមមួយ នៅតែបន្តគ្របដណ្តប់លើផ្ទៃរបស់ភពអង្គារ (Mars)។ នេះបើតាមការដកស្រង់ការផ្សាយចេញ វែបសាយ Space.com នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែកក្កដា ឆ្នាំ២០១៨។
ព្យុះខាងលើបានចាប់ផ្តើមកកើតឡើង កាលពីថ្ងៃទី៣០ ខែឧសភាកន្លងទៅ ហើយរីកមាឌធំឡើង រហូតដល់ហ៊ុមទ័ព្ធជុំវិញភពអង្គារទាំងមូលតែម្តង នៅប៉ុន្មានសប្តាហ៍ក្រោយមក។ ដោយសារតែកម្រិតនៃធូលីដី ដ៏ច្រើនសន្ធឹបសន្ធាប់បែបនេះនៅលើផ្ទៃអាកាស យានដែលដើរដោយថាមពលព្រះអាទិត្យ Opportunity មិនអាចមានឱកាសសាកថាមពលរបស់វាបានឡើយ ហើយរហូតមកដល់ពេលនេះវាបាននិងកំពុងបន្តស្ថិតនៅក្នុងដំណាក់កាលបែបសំងំខ្លួន ដែលគេហៅថា Hibernation។
អនុប្រធានផ្នែកស្រាវជ្រាវនៃបេសកកម្ម Mars Exploration Rover លោក Ray Arvidson បានឲ្យដឹងដូច្នេះថា «អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ យើងមិនបានទទួលដំណឹងពី Opportunity ឡើយ»។ បេសកកម្ម Mars Exploration Rover ពីដំបូងឡើយរួមមាននូវយាន Opportunity និងយានភ្លោះរបស់វាមួយទៀតឈ្មោះ Spirit។ យានទាំងនេះ បានចុះទៅដល់កន្លែងខុសគ្នានៅភព Mars នៅចន្លោះប៉ុន្មានសប្តាហ៍ខុសគ្នា កាលពីខែមករា ឆ្នាំ២០០៤។
យានរុករក Opportunity បានបន្តធ្វើប្រតិបត្តិការរហូតមកទល់ពេលនេះ ទោះបីជាយាន Spirit បានផុតអាយុកាលរបស់វា តាំងតែពីយូរឆ្នាំទៅហើយក្តី ប៉ុន្តែនាពេលនេះ ព្យុះធូលីយក្សនៅលើភពអង្គារ បាននិងកំពុងបង្កបញ្ហាលំបាកដល់យានរុករកដែលមានទំហំប៉ុនរថយន្ត ដែលគេជិះនៅលើទីវាលវាយកូនហ្គោលមួយនេះ។
បើតាម NASA យានរុករក Opportunity មិនបានបញ្ជូនរូបភាពត្រឡប់មកផែនដីវិញ តាំងតែពីថ្ងៃទី១០ ខែមិថុនាមក។ សម្រាប់យាន Spirit គឺវាបានឈប់ដំណើរ និងផ្ញុកទៅដោយធូលីដីភពអង្គារ កាលពីចុងឆ្នាំ២០០៩ ដោយការទាក់ទំនងលើចុងក្រោយរបស់វាជាមួយផែនដី គឺធ្វើឡើងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១០។
លោក Arvidson បានឲ្យដឹងថា ខណៈពេលនេះ Opportunity ទំនងជាស្ថិតនៅក្នុងដំណាក់កាលមានថាមពលទាប ហើយនៅក្នុងដំណាក់កាលបែបនេះ គឺនៅពេលវាភ្ញាក់ឡើងវិញរួចហើយឆែកមើលថាមពលរបស់វា នោះប្រសិនបើកម្រិតថាមពលនៅតែមានកម្រិតខ្សោយពេកដដែល វានឹងត្រឡប់ទៅសំងំខ្លួនវិញ។ លោក Arvidson ក៏បានបង្ហាញជំនឿជឿជាក់ផងដែរថា យាន Opportunity ដែលមានតម្លៃ ៤០០លានដុល្លារនេះ នឹងឆ្លងផុតបញ្ហាលំបាកមួយនេះ៕