(វ៉ាស៊ីនតោន)៖​ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នៅតែ​លើកឡើងជា​ច្រើនដង ពីគំនិតប្រើប្រាស់​កម្លាំងយោធា​ ឈ្លានពាន​ប្រទេស​វេណេស៊ុយអេឡា កាលពី​ឆ្នាំ២០១៧ បើទោះជាមាន​ការជំទាស់ ពីមនុស្ស​ជំនិតរបស់លោក​ក៏ដោយ។ នេះបើ​របាយការណ៍ ថ្មីមួយដកស្រង់​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែកក្កដា ឆ្នាំ២០១៨។

យោងតាម​របាយការណ៍​ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ​AP នាពេលថ្មីៗ​កន្លង​ទៅនេះ នៅខែសីហា ឆ្នាំ២០១៧ លោក ត្រាំ បានបើកកិច្ច​ប្រជុំមួយនៅ​សេតវិមាន ដើម្បីពិភាក្សាពី​ការដាក់ទណ្ឌកម្មថ្មី​នានា ប្រឆាំងនឹងរដ្ឋាភិបាល​លោក នីកូឡាស់ ម៉ាឌូរ៉ូ។ ប៉ុន្តែនៅពេល​ជិតបញ្ចប់កិច្ច​ប្រជុំ ប្រធានាធិបតី​អាមេរិករូបនេះ បានធ្វើឱ្យទីប្រឹក្សា​របស់ខ្លួនមាន​ការភ្ញាក់ផ្អើលជា​ខ្លាំង ដោយ​លោកបានចោទសួរថា ហេតុអ្វីបាន​ជាសហរដ្ឋអាមេរិក​ មិនប្រើកម្លាំង​យោធាឈ្លានពាន​ វេណេស៊ុយអេឡា។

បន្ថែមពី​លើនេះ របាយការណ៍ដដែល​បានឱ្យដឹងទៀតថា លោក ត្រំា បានស្នើឱ្យមាន​ការធ្វើអន្តរាគមន៍​យោធា​ក្រោមលេសថា នយោបាយ និងវិបត្តិសេដ្ឋកិច្ច​របស់វេណេស៊ុយអេឡា គឺជាការគំរាមកំហែង​ដល់តំបន់​ទាំងមូល។ អន្តរាគមន៍​យោធានេះ គឺមានបំណង សំខាន់ដើម្បីផ្ដួលរំលំរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ ឲ្យរលំរលាយតែម្ដង។ តែយ៉ាងណា​ក៏ដោយ អតីតទីប្រឹក្សា​សន្តិសុខជាតិ អាមេរិកលោក ម៉ាក ម៉ាស្ទឺរ (HR McMaster) និងអតីត​រដ្ឋមន្ត្រី​ការបរទេស លោក រិច ធីល្លឺសុន ក៏បានព្យាយាម​ចេញមុខបញ្ចុះបញ្ចូល​លោក ត្រាំ ឱ្យបោះបង់ចោល​គំនិតនេះ​ដែរ ។

លោក McMaster និង​លោក ធីល្លឺសុន យល់ថា​ ការប្រើប្រាស់កម្លាំង​យោធាលើ​វេណេស៊ុយអេឡា អាចនឹងធ្វើឱ្យ​ប៉ះពាល់ដល់ ប្រទេសផ្សេង​ទៀតនៅក្នុង​តំបន់ ដែលកំពុងចូល​រួមជាមួយសហរដ្ឋអាមេរិក​ដាក់សម្ពាធ និងទណ្ឌកម្ម​លើ​លោក ម៉ាឌូរ៉ូ។​ ម្យ៉ាងវិញ​ទៀត បើតាម​ AP ការជំទាស់នេះ​ឯងទំនងជាមូលហេតុ​ ដែលលោក ត្រាំ បណ្ដេញអ្នកទាំងពីរ​ចេញពី​តំណែង។

គួរបញ្ជាក់ថា បើតាម​របាយការណ៍​ខាងលើ លោក ដូណាល់ ត្រំា កំពុងពិចារណា​ប្រើប្រាស់គំរូឈ្លាន​ពានប្រទេស ប៉ាណាម៉ា (Panama) និង ប្រទេសដីកោះ ហ្គ្រេនណាដា (Grenada) ក្នុងអំឡុងឆ្នាំ១៩៨០ ជាជម្រើសដោះស្រាយជាមួយវេណេស៊ុយអេឡា។
សហរដ្ឋអាមេរិកនៅចន្លោះពីឆ្នាំ១៨៩៨ ដល់ ឆ្នាំ១៩៩៤ ធ្លាប់បានប្រើប្រាស់កម្លាំងយោធាឈ្លានពានប្រទេសនៅក្នុងតំបន់អាមេរិកឡាទីនចំនួន៤១លើក ក្នុងនោះរួមមានទាំង អន្តរ គមន៍យោធាដោយផ្ទាល់លើប្រទេសគុយបា ហ្កាតេម៉ាឡា និងប៉ាណាម៉ា រួមទាំង Grenada៕