(បូលីវី)៖ ប្រធានាធិបតីបូលីវី លោក អ៊ីវ៉ូ ម៉ូរ៉ាឡែស (Evo Morales) បានទទួលការវះកាត់យកដុំសាច់តូចមួយដោយជោគជ័យ ហើយដែលដុំសាច់ នេះត្រូវបានគេរកឃើញ នៅអំឡុងពេលត្រួតពិនិត្យសុខភាពជាទម្លាប់របស់លោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែកក្កដា ឆ្នាំ២០១៨។
យោងតាម Reuters លោក Morales បានប្រកាសពីដំណឹងនេះនៅលើ Twitter នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់)។ លោក Morales មានអាយុ ៥៨ឆ្នាំ ដែលបានឡើងកាន់អំណាចចាប់តាំងពីឆ្នាំ២០០៦ និងមានបំណងចូលរួមក្នុងការបោះឆ្នោតអាណត្តិថ្មី នាឆ្នាំក្រោយនេះ បានបង្ហោះរូបភាពរបស់លោកផ្ទាល់ នៅពេលគ្រូពេទ្យកំពុងត្រួតពិនិត្យសុខភាពនៅគ្រែ ក្នុងមន្ទីរពេទ្យមួយបានប្រកាសថា ការវះកាត់បានទទួលជោគជ័យ ហើយលោកមានសុខភាពល្អ ១០០ភាគរយ មុននឹងត្រូវគ្រូពេទ្យអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងនៅក្នុងតំបន់)។
គួរបញ្ជាក់ថា បើតាមក្រុមមន្ត្រីរដ្ឋាភិបាលបូលីវី លោក Morales បានទទួលការព្យាបាល និងវះកាត់នៅមន្ទីរពេទ្យេឯកជនមួយ ក្នុងទីក្រុង ឡាប៉ាស (La Paz) ប៉ុន្តែពួកគេមិនបានបញ្ជាក់លម្អិតថា ដុំសាច់ដែលវះចេញជាដុំសាច់ប្រភេទអ្វី ឬស្ថិតនៅទីតាំងណានៃរាង្គកាយនោះទេ៕