(ម៉ូស្គូ)៖ យន្ដហោះចម្បាំងរុស្ស៊ី Su-57 ជំនាន់ទី ០៥ មានលក្ខណៈសម្បត្តិ ដូចគ្នាទៅនឹងយន្ដហោះចម្បាំងបំបំាងកាយអាមេរិក F-35 និង F-22 ប៉ុន្តែវានឹងមានតម្លៃថោកជាង យន្ដហោះចម្បាំងអាមេរិកទាំងពីរនេះ ដល់ទៅជាង ២ដង។ នេះបើតាមលោក វ្ល៉ាឌីមៀ ហ្គួតេណេវ (Vladimir Goutenev) ដកស្រង់ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែកក្កដា ឆ្នាំ២០១៨។
ថ្លែងប្រាប់ Sputnik លោក វ្ល៉ាឌីមៀ ហ្គួតេណេវ (Vladimir Goutenev) ជាប្រធានរងទីមួយនៃគណកម្មាធិការឧស្សាហកម្ម នៃសភាជាន់ទាបរុស្ស៊ី បានគូស បញ្ជាក់ដូច្នេះថា «គ្មានការសង្ស័យអ្វីឡើយ! យន្ដហោះចម្បាំង Su-57 ជំទាន់ទី០៥ មានសមត្ថភាពគ្រប់គ្រាន់ក្នុងប្រជែងជាមួយ យន្ដហោះចម្បាំងអាមេរិក F-35 និង F-22។ តែបើនិយាយពីតម្លៃវិញ Su-57 គឺនឹងថោកជាងយន្ដហោះចម្បាំងទាំងពីរនេះដល់ទៅ ២,៥ដង ហើយថែមទាំងមានលក្ខណៈសម្បត្តិដូចគ្នា នឹងយន្ដហោះចម្បាំងទាំងពីរនេះទៀតផង»។
គួរបញ្ជាក់ថា យន្ដហោះ Su-57 ដែលគ្រោងនឹងត្រូវដាក់តាំងបង្ហាញនៅឆ្នាំ២០១៩ ផលិតដោយក្រុមហ៊ុនរុស្ស៊ី ស៊ូខយ (Sukhoi) រីឯយន្ដហោះចម្បាំង F-35 និង F-22 ផលិតឡើងដោយក្រុមហ៊ុន Lockheed Martin។ F-22 មានតម្លៃមួយគ្រឿង ១៤២,២លានដុល្លារ និង F-35 មានតម្លៃចន្លោះពី ៨៣ ដល់ ១០៨លានដុល្លារ៕