(ហូជីមីញ)៖ អាជ្ញាធរសុខាភិបាល​វៀតណាម បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍​នេះថា ការធ្វើតេស្ដផ្នែកវេជ្ជសាស្ត្រ​របស់វិទ្យាស្ថាន Pasteur ក្នុង​ទីក្រុង ហូជីមិញ (Ho Chi Minh) លើបុរសម្នាក់​អាយុ ៦៩ឆ្នាំ​ ដែលបាន​ស្លាប់កាលពី​ថ្ងៃទី៣០ ខែមិថុនា​បង្ហាញថា រូបគេបាន​ឆ្លងជំងឺផ្ដាសាយ​ជ្រូក H1N1​។ នេះបើតាមការ​ចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែកក្កដា ឆ្នាំ២០១៨។

បុរសដែលបាន​ស្លាប់ខាងលើ​នេះ គឺជាអ្នករស់នៅក្នុងខេត្ត កាម៉ូ (Ca Mau) ភាគខាងត្បូង​ប្រទេសវៀតណាម ហើយរូបគេក៏បាន​ក្លាយជាមនុស្ស ទី០៤ស្លាប់​ដោយសារវីរុសនេះផងដែរ នៅឯតំបន់ភាគខាង​ត្បូងក្នុង​ឆ្នាំ២០១៨នេះ។ ពោលគឺកាលពីខែមុន មន្ទីរពេទ្យ ទូដូ (Tu Du) នៃទីក្រុង Ho Chi Minh បានរាយការណ៍​មានមនុស្ស ២៨នាក់ សង្ស័យថា​បានឆ្លង H1N1 តែមាន ១៦នាក់ ត្រូវបានគេ​ទទួលស្គាល់​ថា បានឆ្លងវីរុស និងបីនាក់បាន​បាត់បង់​ជីវិត។

គួរជម្រាបថា កាលពីឆ្នាំ២០០៩ អាជ្ញាធាសុខាភិបាល​វៀតណាម​បានអះអាងថា ករណីឆ្លងវីរុស H1N1 មានរហូតដល់ ៩,០០០​ករណី ហើយមនុស្ស ២០នាក់ បានស្លាប់៕