(ម៉ូស្គូ)៖ ដៃគូប្រយុទ្ធដ៏សំខាន់របស់ Luis Suarez កីឡាករ Edinson Cavani ទំនងជាខកខានពេលអ៊ុយរ៉ាហ្គាយ ប៉ះមាន់គកបារាំង វគ្គ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ FIFA World Cup 2018 ស្អែកនេះ ដោយសារតែបញ្ហារបួសជើងខាងឆ្វេងមិនទាន់ជាសះស្បើយទាន់ពេល។

លោក Diego Munoz អ្នកនាំពាក្យក្រុមជម្រើសជាតិមកពីតំបន់អាមេរិកឡាទីន បានថ្លែងប្រាប់សារព័ត៌មាន ESPN កាលពីថ្ងៃពុធ ទី០៤ ខែកក្កដាថា កីឡាករវ័យ៣១ឆ្នាំ Cavani មិនបានចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុមរយៈពេល ៣ថ្ងៃមកហើយ ដោយសារតែបញ្ហារបួសក្រលៀន និងជើងម្រាមជើងឆ្វេងរបស់គេមិនទាន់ជាសះស្បើយ ដែលជាក្តីកង្វល់មួយដល់ក្រុមទាំងមូល។

កីឡាករខ្សែប្រយុទ្ធនៃក្លឹបបារាំង Paris Saint-Germain ជាតួអង្គសំខាន់ដែលបានជួយអ៊ុយរ៉ាហ្គាយ ឡើងមកដល់វគ្គ ៨ក្រុមចុងក្រោយដែលត្រូវបានប៉ះមាន់គកស្អែកនេះ តាមរយៈរកបាន២គ្រាប់ម្នាក់ឯង ក្នុងជ័យជម្នះ ២-១ ទៅលើក្រុម នៅអឺរ៉ុប ព័រទុយហ្គាល់ក្នុងវគ្គ១៦ក្រុម និងត្រូវបាន Cristiano Ronaldo របស់ព័រទុយហ្គាល់គ្រាចេញពីទីលាននៅនាទីទី៧៤ ក្រោយទទួលរងរបួសក្រលៀន និងម្រាមជើងខាងឆ្វេងធ្ងន់ធ្ងរមិន អាចបន្តការប្រកួត។

គ្រូបង្វឹកក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយ លោក Oscar Tabarez កំពុងពិចារណាក្នុងការដាក់កីឡាករ Christian Stuani ឬក៏ Cebolla Rodriguez ក្នុងការជំនួសកៅអី Edinson Cavani ដើម្បីចាប់ដៃគូជាមួយខ្សែប្រយុទ្ធមកមកពីក្លឹប FC Barcelona, Luis Suarez ពេលជួបបារាំង នាម៉ោង ៩យប់ថ្ងៃសុក្រ ទី០៦ ខែកក្កដានៅ FIFA World Cup 2018 ដែលមានរុស្ស៊ី វគ្គ៨ក្រុមចុងក្រោយ។

សូមបញ្ជាក់ផងដែរថា អ៊ុយរ៉ាហ្គាយ ឈ្នះគ្រប់ការប្រកួតនៃព្រឹត្តិការណ៍ World Cup 2018 នៅប្រទេសរុស្ស៊ី និងរបូតតែ១គ្រាប់គត់ ក្នុងចំណោម៤ប្រកួតរបស់អតីតម្ចាស់ជើងឯក World Cup ២សម័យកាល ដោយស៊ុតបញ្ចូលទីគេបាន ៧គ្រាប់ផងដែរនោះ៕