(កាណាដា)៖ មនុស្សសរុប ១៥នាក់ ត្រូវបានគេ​រាយការណ៍បានបាត់​បង់ជីវិត ដោយសារ​តែ​ការកើនឡើង​​នៃកម្ដៅខុសពីធម្មតា ​នៅឯតំបន់​ភាគកណ្ដាល និងភាគកណ្ដាល​ប្រទេស​កាណាដា ចាប់តាំងចុង​សប្ដាហ៍​មុនមក។ នេះបើតាម​ប្រព័ន្ធផ្សព្វ​ផ្សាយនៅ​ក្នុងស្រុក ដកស្រង់ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន​ ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែកក្កដា ឆ្នាំ២០១៨។

ស្ថានីយទូរទស្សន៍​កាណាដា CTV បានបញ្ជាក់ថា រាល់អ្នកស្លាប់ទាំងអស់​គឺនៅក្នុងទីក្រុង ម៉ុងត្រេអាល់ (Montreal) ជាទីដែល​សីតុណ្ហភាព​កើនដល់ ៤០អង្សាសេ​ នៅថ្ងៃពុធ​សប្ដាហ៍នេះ ខណៈរលកកម្ដៅ​ត្រូវគេរំពឹងថា នឹងអូសបន្លាយរហូត​ដល់ថ្ងៃ​សុក្រស្អែក​នេះ (ម៉ោងនៅក្នុងតំបន់)។ ដោយឡែក​ដើម្បីទប់ទល់នឹង​រលកកម្ដៅនេះ អាជ្ញាធរកាណាដា​ ក៏បានអំពាវនាវផងដែរ​ឱ្យប្រជាជន​របស់ខ្លួន មានការប្រុងប្រយ័ត្ន​ខ្ពស់ ទាំង​នៅក្នុងផ្ទះ និងនៅពេលចេញ​ទៅខាង​ក្រៅ។

គួរបញ្ជាក់ថា នៅឯខេត្ត អនតារីយ៉ូ (Ontario) ស្ថិតនៅភាគខាងត្បូង​នៃប្រទេសកាណាដា ក៏កំពុងរងការវាយប្រហារ​ដោយរលកកម្ដៅដែរ ស្រប​ពេលនៅទីក្រុង Ottawa សីតុណ្ហភាពកើនដល់ ៤៧អង្សាសេ នៅថ្ងៃពុធ ដែលជា​កម្រិតសីតុណ្ហភាពខ្ពស់ជាប់​កំណត់ត្រាថី្មមួយ សម្រាប់រដ្ឋធានី​មួយនេះ៕