(វ៉ាស៊ីនតោន)៖ ថ្លែងក្នុងឱកាស​ប្រារព្ធខួបទី ២៤២ នៃបុណ្យឯករាជ្យជាតិ​របស់សហរដ្ឋអាមេរិក ចេញពីសេតវិមាន ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានសម្តែងការ​កោតសរសើរ​ និងស្ញប់ស្ញែងចំពោះកងកម្លាំងយោធា ដែលបានពលី និងខិតខំការពារ​សិទ្ធិសេរីភាព នៃ​ប្រទេស​ជាតិរបស់ពួកគេ​នាពេលកន្លងមកនេះ។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពី សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី០៥ ខែកក្កដា ឆ្នាំ២០១៨។

លោក ដូណាល់ ត្រាំ បានថ្លែងយ៉ាងដូច្នេះថា «អរគុណអ្នក​ទាំងអស់គ្នា ដែលបានរក្សា​ការពារអាមេរិក ឲ្យមាន​សុវត្ថិភាព និងរឹងមាំ ព្រមទាំង​មាន​មោទនភាព និងអង់អាច ហើយមាន​សេរីភាព។ សូមព្រះប្រទាន​ពរដល់អ្នកទាំង​អស់គ្នា, សូមព្រះប្រទានពរ​ដល់យោធា​របស់យើង, និង​សូមឲ្យព្រះ​ជាម្ចាស់ប្រទានពរ​ដល់សហរដ្ឋអាមេរិក​ទាំងមូល។ រីករាយ​ទិវាជាតិ០៤ កក្កដា»។

លោក ត្រាំ បានបន្ថែម​ទៀតថា សេរីភាព​របស់​អាមេរិក គឺបានមកពី​ការបង្ហូ​រញើស-ឈាម និងពលីរបស់អ្នក​ស្នេហាជាតិ​អាមេរិក ដែលបានតស៊ូប្រយុទ្ធ​នៅលើសមរភូមិ​ តាំងពីសម័យមុន​ៗរហូតមកដល់​សម័យ​នេះ។

គួរជម្រាបថា នាឱកាសនោះលោក​ប្រធានាធិបតី​អាមេរិក ក៏បានឆ្លៀត​ថ្លែងពាក់ព័ន្ធនឹងគម្រោង​មហិច្ឆតារបស់លោក​ផ្ទាល់ ស្តីពីការបង្កើត​កងអង្គភាពថ្មី​នៅក្នុងជួរកម្លាំងប្រដាប់​អាវុធអាមេរិកផងដែរ គឺកងទ័ពនៅ​ទីអវកាស ដោយលោកបាន​អះអាងថា វានឹងលេចចេញ​ជារូបរាង​នាពេលឆាប់ៗ​ខាងមុខ។

ថ្ងៃបុណ្យឯករាជ្យ ឬក៏ទិវាជាតិ ០៤ កក្កដា គឺជាថ្ងៃឈប់​សម្រាកទូទាំង​សហរដ្ឋអាមេរិក ដើម្បីអបអរថ្ងៃប្រកាស​ឯករាជ្យ នៃមហាអំណាច​មួយនេះ កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ១៧៧៦។ កាលពីជាង ២៤០ឆ្នាំមុននេះ ក្រុមចំណុះ​អាមេរិកទាំង ១៣ បានប្រកាសខ្លួនជា​ប្រជាជាតិឯក​​រាជ្យ​មួយ​ហៅថា សហរដ្ឋអាមេរិក ដែលវា​មានន័យថា ក្រុមទាំងនោះ លែងស្ថិតក្រោម​នឹមអាណានិគម​ របស់ចក្រភពអង់គ្លេស​ទៀត​ហើយ៕