(ស៊ីរី)៖ ក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបានអះអាងថា ការវាយប្រហារតាមផ្លូវអាកាសរបស់កងកម្លាំងទ័ពអាកាសរុស្ស៊ី ប្រឆាំងនឹងក្រុមឧទ្ទាមស៊ីរី នៅឯភាគនិរតីនៃប្រទេស បានចាប់ផ្ដើមឡើងវិញតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយក្រុមឧទ្ទាមប្រកាសថា ការចរចាជាមួយទីក្រុងម៉ូស្គូបានបរាជ័យ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែកក្កដា ឆ្នាំ២០១៨។
យោងតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី យន្ដហោះចម្បាំងរុស្ស៊ីបានទម្លាក់គ្រាប់បែករាប់សិបគ្រាប់ លើមូលដ្ឋានរបស់ក្រុមឧទ្ទាមក្នុងទីក្រុង តាហ្វាស (Tafas) និងទីក្រុង សៃដា (Saida)។ ការវាយប្រហារនេះទៀតសោត ដែលបានផ្អាកកាលពីល្ងាចថ្ងៃសៅរ៍សប្ដាហ៍មុន បានធ្វើឡើងជាថ្មីឡើងវិញកាលពីថ្ងៃពុធ តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីក្រុមឧទ្ទាមស៊ីរីប្រកាសថា ការចរចាជាមួយជាមួយរុស្ស៊ីបានបរាជ័យ ខណៈកងកម្លាំងរដ្ឋាភិបាលស៊ីរី កំពុងវាយលុកយ៉ាងសន្ធាប់ ដោយដណ្ដើមទឹកដីមួយផ្នែកធំពីក្រុមឧទ្ទាម។
គួរបញ្ជាក់ថា អង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទក៏បានឱ្យដឹងដែរថា ក្នុងការវាយប្រយុទ្ធគ្នា អស់រយៈពេលច្រើនជាងពីរសប្ដាហ៍មកនេះ រវាងក្រុមឧទ្ទាម និងកងកម្លាំងរដ្ឋាភិបាលស៊ីរី ដែលមានជំនួយពីរុស្ស៊ីបានផ្ដាច់យកជីវិតមនុស្សច្រើនជាង ១៣០នាក់ និងបង្ខំឱ្យមនុស្ស ២៧០,០០០នាក់ រត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ នៅឯភាគនិរតីនៃប្រទេស៕