(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានព្រមានជា​ថ្មីម្ដងទៀតថា ការប្រយុទ្ធប្រឆាំង​នឹងអំពើពុករលួយមិន​ទាន់បញ្ចប់​ឡើយ ហើយថា​គណបក្សកុម្មុយនីស្ដចិន​ត្រូវតែត្រៀម​ខ្លួន ដើម្បីប្រឈមមុខ​នឹងបញ្ហាជាច្រើន​ទៀត។ នេះបើតាម​ការចេញផ្សាយ ដោយ​សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែកក្កដា ឆ្នាំ២០១៨។

ចាប់តាំងពីបាន​ឡើងកាន់អំណាច​ អស់រយៈពេលច្រើន​ជាង ០៦ឆ្នាំមកនេះ លោក ស៊ី បានពង្រឹង​អំណាចកាន់តែខ្លាំង​ពីមួយឆ្នាំទៅមួយឆ្នាំ តាមរយៈ​ការធ្វើយុទ្ធនាការ​បង្រ្កាបអំពើពុករលួយ ក្នុងនោះមាន​មន្ត្រីជាន់ខ្ពស់​ជាច្រើននាក់ ដូចជាអតីត​នាយកសន្តិសុខ​ផ្ទៃប្រទេសលោក ចូវ យ៉ុងកាង (Zhou Yongkang) ជាដើមត្រូវបាន​ផ្ដន្ទាទោសដាក់​ពន្ធនាគារ។

ប៉ុន្តែយ៉ាងណា ទោះជាកំពុងមានអំណាច​ពេញនៅក្នុងដៃក៏​ដោយ ក៏ប្រធានាធិបតីចិន​រូបនេះ​នៅតែបញ្ជាក់ថា យុទ្ធនាការ​ប្រឆាំងអំពុក​រលួយនេះ មិនទាន់បញ្ចប់​នោះទេ។ លោក ស៊ី បានលើកឡើង តាមរយៈការស្រង់សម្ដីដោយ ស៊ីនហួរ ដូច្នេះថា «ការប្រយុទ្ធប្រឆាំង​នឹងអំពើពុករលួយ​ នឹងនៅតែត្រូវធ្វើ​ឡើងជានិច្ច... ដូច្នេះ​យើងត្រូវតែពង្រឹង​ស្មារតីរៀបចំត្រៀម​ខ្លួន​ឱ្យហើយ ប្រឈមមុខនឹង​បញ្ហានៅ​ពេល​អនាគត ប្រកបដោយ​ការទទួល​ខុស​ត្រូវ»

គួររំលឹកថា កាលពីខែមីនា​កន្លាងទៅ សភាប្រជាជនចិនបានអនុម័ត​លុបចោលអាណត្តិប្រធានាធិបតី​ចិន ដែលនេះគឺជា​ការបើកដៃឱ្យ​លោក ស៊ី ជិនពីង អាចកាន់អំណាច​មិនមានពេល​កំណត់ និងក្លាយជាមេដឹកនាំ​ដ៏មានឥទ្ធិពល​បំផុត បន្ទាប់ពីអតីត​ប្រធានាធិបតី​ចិន លោក ម៉ៅ សេទុង៕