(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានអំពាវនាវឱ្យបិទបញ្ចប់ជាបន្ទាន់ នូវនយោបាយធ្វើទុក្ខបុកម្នេញលើបណ្ដាមេដឹកនាំអាមេរិកឡាទីន ដែលត្រូវបានគេធ្វើបាប ដោយប្រើប្រាស់ច្បាប់បន្ទាប់ពីអស់អំណាច។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែកក្កដា ឆ្នាំ២០១៨។
លោក ម៉ាឌូរ៉ូ ធ្វើការកត់សម្គាល់បែបនេះ ចង់សំដៅទៅលើអតីតប្រធានាធិបតីអាហ្សង់ទីន លោកស្រី គ្រីស្ទីណា ហ្វែណាន់ដែស (Cristina Fernandez) អតីតប្រធានាធិបតីប្រេស៊ីល លោក ល្វីស អ៊ីណាស៊ីយ៉ូ លូឡា ដា ស៊ីលវ៉ា (Luiz Inacio Lula da Silva) និងអតីតប្រធានាធិបតីអេក្វាឌ័រ លោក រ៉ាហ្វាអែល ខ័ររៀ (Rafael Correa) ដែលអតីតមេដឹកនាំទាំងនេះ សុទ្ធតែបាននិងកំពុងប្រឈមមុខនឹងផ្លូវច្បាប់ ក្រោយអស់អំណាច។
លោក ម៉ាឌូរ៉ូ បានគូសបញ្ជាក់នៅលើ Twitter នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់) ដូច្នេះថា «ដំបូងគឺលោកស្រី Cristina បន្ទាប់មកគឺលោក Lula ហើយឥឡូវដល់វេន លោក Rafael Correa ទៀត។ បញ្ឈប់ទៅការធ្វើទុក្ខបុក្ខម្នេញមេដឹកនាំអាមេរិករបស់ពួកយើង»។
គួរជម្រាបជូនថា អតីតប្រធានាធិបតីប្រេស៊ីល លោក Lula ដែលគ្រោងនឹងចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតប្រធានាធិបតី ប្រេស៊ីលនៅខែតុលាខាងមុខនេះ ត្រូវបានតុលាការរក្សាទោសដាក់ពន្ធនាគារ ១២ឆ្នាំ និងមួយខែពីបទពុករលួយ។ ចំណែកឯលោកស្រី Cristina កាលពីខែឧសភា ត្រូវបានតុលាការចាប់ផ្ដើមនីតិវិធីច្បាប់ ប្រឆាំងនឹងលោកស្រីរួមទាំងកូនពីរនាក់ពីបទលាង លុយកខ្វក់។
លើសពីនេះទៅទៀតកាលពីថ្ងៃអង្គារកន្លងទៅ អាជ្ញាធរអេក្វាឌ័រក៏បានចេញដីកាចាប់ខ្លួនលោក Rafael Correa អតីតប្រធានាធិបតីអេក្វាឌ័រដែលកំពុងជ្រកកោន ក្នុងប្រទេសប៊ែលហ្សិក ពីបទចាប់ពង្រត់ផងដែរ៕