(អឺរ៉ុប)៖ អធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែលឡា មឺគែល (Angela Merkel) បានព្រមានរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថាគំរោងដំឡើងពន្ធលើការនាំចូលរថយន្ដពីអឺរ៉ុប អាចនឹងក្លាយជាចំណុចចាប់ផ្ដើមនៃសង្រ្គាមពាណិជ្ជកម្មដែលនឹងបង្ក វិបាកយ៉ាងធំធេងដល់សេដ្ឋកិច្ច។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃពុធ ទី០៤ ខែកក្កដា ឆ្នាំ២០១៨។

ការព្រមានបែបនេះរបស់លោកស្រីមឺគែល ធ្វើឡើងនៅអំឡុងពេលថ្លែងសុន្ទរកថាទៅកាន់ក្រុមអ្នកតំណាងរាស្ត្រអាល្លឺម៉ង់ នៅថ្ងៃពុធ នេះ។ ថ្លែងនាឱកាសនោះ អធិបតីអាល្លឺម៉ង់រូបនេះ បានលើកឡើងដូច្នេះថា៖«បច្ចុប្បន្ន យើងមានពន្ធលើអាលុយមីញ៉ូម និងដែកថែប ហើយយើងមានកិច្ចពិភាក្សាមួយកាន់តែមានសភាធ្ងន់ធ្ងរទៅៗ ដែលកំពុងឆ្ពោះទៅរកជម្លោះពាណិជ្ជកម្ម។ ប៉ុន្តែខ្ញុំមិនចង់ប្រើពាក្យ បែបនេះនៅពេលអនាគតទេ ដ្បិតវាពិតជាតម្លៃណាស់សម្រាប់កិច្ចខិតខំប្រឹងប្រែងបញ្ជៀសមិនឱ្យជម្លោះនេះក្លាយជាសង្រ្គាម ពាណិជ្ជកម្ម»។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានព្រមានថាទីក្រុងវ៉ាស៊ីនតោន នឹងតម្លើងពន្ធ២០ភាគរយ លើការនាំចូលរថយន្ដអឺរ៉ុបមកកាន់ សហរដ្ឋអាមេរិក បើសិនជាសហភាពអឺរ៉ុបមិនព្រមដកចេញរបាំងពាណិជ្ជកម្មរបស់ខ្លួនទេនោះ៕