(បាងកក)៖ រូងភ្នំថាំលួង ជាដែលក្រុមអ្នកជួយសង្រ្គោះថៃ និងអន្តរជាតិ កំពុងដុតដៃដុតជើងយកក្មេង១២នាក់ និងគ្រូបង្វឹកបាល់ទាត់ របស់ពួកគេម្នាក់ចេញមកខាងក្រៅ អាចនឹងក្លាយជាគោលដៅទេសចរណ៍មួយដ៏សំខាន់។ នេះគឺជាសម្ដីរបស់នាយករដ្ឋមន្ត្រីថៃ ដក ស្រង់ដោយសារព័ត៌មាន CNN នៅថ្ងៃពុធ ទី០៤ ខែកក្កដា ឆ្នាំ២០១៨។
ថ្លែងចេញពីការិយាល័យរបស់ខ្លួននៅថ្ងៃអង្គារសប្ដាហ៍នេះ នាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ ចាន់អូចា បានគូសបញ្ជាក់ដូច្នេះថា៖« រូងភ្នំស្ថិតនៅក្នុងខេត្តឈៀងរ៉ាយ ភាគខាងជើងនៃប្រទេស ទំនងអាចនឹងក្លាយជាកន្លែងដ៏ល្បីល្បាញទាំងនៅក្នុងស្រុក និងពិភព លោក ហើយវាក៏អាចនឹងក្លាយជាតំបន់ទេសចរណ៍ដ៏សំខាន់ផងដែរ។ ដូច្នេះយើងត្រូវតែចាត់វិធានការធានាសុវត្ថិភាពឱ្យស្របទៅ តាមសកម្មភាពទេសចរណ៍»។
គួររំលឹកថា ក្មេងៗទាំង១២នាក់ និងគ្រូបង្វឹកបាល់ទាត់ពួកគេម្នាក់ ត្រូវបានក្រុមអ្នកខាងមុជទឹក មកពីចក្រភពអង់គ្លេសចំនួនពីរនាក់ រកឃើញថានៅមានជីវិត នៅឡើយកាលពីថ្ងៃចន្ទ នៅម៉ោងប្រមាណ ១០៖២៥នាទីយប់ ដោយស្ថិតនៅចំងាយប្រហែល០៤គីឡូ ម៉ែត្រពីមាត់រូងភ្នំ។ ប៉ុន្តែ ក្រុមជំនាញថៃ និងអន្តរជាតិ ដែលកំពុងបំពេញប្រតិបត្តិការនៅឡើយនៅតំបន់រូងភ្នំថាំលួង ស្រុកម៉ែសៃ នៃខេត្តឈៀងរ៉ាយ ភាគខាងជើងប្រទេសថៃនោះ បានវាយតម្លៃថាគេអាចនឹងត្រូវប្រើពេលរាប់សប្ដាហ៍ ដើម្បីយកជនរងគ្រោះទាំង ១៣នាក់ ចេញពីរូងភ្នំនេះបាន។
ក្រុមជំនាញត្រូវបង្ហាត់ពួកគេទាំង ១៣នាក់ ពីរបៀបមុជទឹក និងប្រើប្រាស់បរិក្ខាមុជទឹកជាមុនសិន ខណៈស្បៀងអាហារ បំពង់អុក ស៊ីហ្សែន និងថ្នាំពេទ្យកំពុងត្រូវបានក្រុមសង្គ្រោះផ្សេងទៀតបញ្ជូនទៅខាងក្នុងរូងភ្នំជាបណ្ដើរៗហើយ៕