(កាប៊ុល)៖ ជនសកម្មប្រយុទ្ធប្រមាណ ១៣២នាក់ បានបាត់បង់ជីវិត និង ២៨នាក់រងរបួស ក្នុងអំឡុងប្រតិបត្តិការយោធាដ៏ក្តៅគគុក ទាំងតាមផ្លូវគោក និងផ្លូវអាកាសនៅប្រទេសអាហ្វហ្គានីស្ថាន ដែលប្រព្រឹត្តទៅតាំងពីថ្ងៃអង្គារមក។ នេះបើតាមការឲ្យដឹងពីក្រសួងការពារជាតិអាហ្វហ្គានីស្ថាន ដកស្រង់ខ្លឹមសារដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី០៤ ខែកក្កដា ឆ្នាំ២០១៨។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិអាហ្វហ្គានីស្ថាន កងកម្លាំងជើងគោករបស់ខ្លួន បានបើកប្រតិបត្តិការយោធាចំនួនជិត ១០០លើក ក្នុងទ្រង់ទ្រាយទាំងតូចទាំងធំ នៅខេត្តចំនួន ១៥ ក្នុងចំណោមខេត្តទាំង ៣៤ របស់ប្រទេសអាហ្វហ្គានីស្ថាន។
ជាមួយគ្នានេះ កងទ័ពអាកាសអាហ្វហ្គានីស្ថាន ក៏បានចេញប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាស ទៅលើក្រុមសកម្មប្រយុទ្ធ ក្នុងអំឡុងពេលដូចគ្នាផងដែរ។ យ៉ាងណាមិញ ពុំមានការបញ្ជាក់ថា តើមានចំនួនរងគ្រោះនៅខាងកងកម្លាំងសន្តិសុខដែរ ឬក៏អត់ឡើយ។
គួរជម្រាបថា យោធាអាហ្វហ្គានីស្ថាន និងកងយោធាចំរុះដឹកនាំដោយអង្គការ NATO និងសហរដ្ឋអាមេរិក បានបង្កើនប្រតិបត្តិការតាមផ្លូវគោក និងផ្លូវអាកាស ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ ក្នុងអំឡុងពេលប៉ុន្មានខែចុងក្រោយនេះ ខណៈដែលក្រុមសកម្មប្រយុទ្ធ បានបើកការវាយប្រហារកាន់តែញឹកញាប់ឡើងៗនៅទូទាំងប្រទេស៕