(ម៉ូស្គូ)៖ ការប្រកួតនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2018 បានបញ្ចប់វគ្គ ១៦ ក្រុមចុងក្រោយហើយ កាលពីយប់ថ្ងៃអង្គារកន្លងទៅ ដោយគេបានរកឃើញក្រុមខ្លាំងៗ ដែលត្រួវជួបគ្នាបន្តក្នុងវគ្គ ០៨ ក្រុមចុងក្រោយ នៅយប់ថ្ងៃសុក្រសប្ដាហ៍នេះ។ ប៉ុន្តែមានរឿងរ៉ាវនឹងស្មានមិនដល់ជាច្រើន បានកើតឡើងកាលពីក្នុងវគ្គ ១៦ ក្រុមចុងក្រោយ ហើយខាងក្រោមនេះ គឺជាចំណុចទាំង ០៥ ដែលគួរឱ្យចាប់អារម្មណ៍៖
១៖ គ្រប់គ្រងបាល់បានច្រើនមិនមែនកំណត់ថា នរណាជាអ្នកឈ្នះនោះទេ
ការប្រកួតរវាងអេស្ប៉ាញ និងរុស្ស៊ី បានអូសបន្លាយពេលដល់ ១២០នាទី មុននឹងឈានដល់ការទាត់បាល់ ១១ម៉ែត្រ ម្នាក់ ០៥គ្រាប់។ ក្នុងរយៈពេល ១២០នាទី ក្រុមជម្រើសជាតិអេស្ប៉ាញ បានគ្រប់គ្រងបាល់ស្ទើរតែទាំងស្រុង ហើយបញ្ជូនបាល់ឱ្យគ្នាទៅវិញទៅមករហូតដល់ ១,០០០ដងឯណោះ។ ប៉ុន្តែនៅចុងបញ្ចប់បែរជាមកត្រូវចាញ់រុស្ស៊ីយ៉ាងចុកឈាម ដោយការកាត់ក្ដីដោយទាត់បាល់ ១១ម៉ែត្រ ទៅវិញ។
២៖ ជ័យជម្នះនៅចុងម៉ោង
ជប៉ុនបានស៊ុតបាល់បញ្ចូលទី ០២គ្រាប់មុន លើក្រុមជម្រើសជាតិ ប៊ែលហ្សិក ក្នុងវគ្គទី២ ហើយលទ្ធផលពីរគ្រាប់នេះ បានធ្វើអ្នកគំាទ្រភាគច្រើនយល់ថា ជប៉ុនអាចនឹងយកឈ្នះក្នុងការប្រកួតនេះ។ ប៉ុន្តែមនុស្សគិត មិនដូចទេវតាគិត ពោលគឺឈានចូលនាទី ៦៩ កីឡាករប៊ែលហ្សិក Jan Vertonghen បានទាត់បាល់បញ្ចូលទីមួយគ្រាប់ តាមពីក្រោយជប៉ុនមកមកវិញ មុននឹងកីឡករ Marouane Fellaini ស៊ុតតាមស្មើនៅនាទី ៧៤។ ប៉ុន្តែអ្វីដែលរឹតតែបង្កការភ្ញាក់ផ្អើលខ្លាំងទៅទៀតនោះ គឺនៅនាទី ៩០ បូក ៤ ទៅហើយ ទើបកីឡាករប៊ែលហ្សិក Nacer Chadi អាចស៊ុតចូលយកជ័យជម្នះបញ្ចប់ក្ដីស្រមៃរបស់ក្រុមសាំមូរ៉ៃជប៉ុន នៅត្រឹមវគ្គ ១៦ ក្រុមចុងក្រោយ។
៣៖ តើ Mbappe នឹងក្លាយជាកីឡាករល្អជាងគេនៅលើលោក?
ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនេះ មនុស្សភាគច្រើនផ្ដោតអារម្មណ៍លើ Lionel Messi និង Cristiano Ronaldo។ ប៉ុន្តែអ្នកទាំងពីរបានជិះយន្ដហោះដឹកនាំក្រុមជម្រើសជាតិរៀងៗខ្លួន ត្រឡប់ទៅស្រុកកំណើតវិញហើយក្រោយ អាហ្សង់ទីន ចាញ់បារាំង ៣ ទល់នឹង ៤ និងព័រទុយហ្កាល់ ចាញ់អ៊ុយរ៉ាហ្កាយ ០ ទល់នឹង ២។ ក្នុងជំនួបអាហ្សង់ទីន និងបារាំង Mbappe បានបង្ហាញទម្រង់លេង និងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ក្រោយរកបានពីរគ្រាប់តែម្នាក់ឯង ហើយកា្លយកីឡាករវ័យក្មេងបំផុតត្រឹម ១៩ឆ្នាំ រកបានពីរគ្រាប់ម្នាក់ឯងក្នុងព្រឹត្តិការណ៍ World Cup។
៤៖ មានកីឡាករខ្លាំងលើលោកក្នុងក្រុមក៏ដោយ «ក៏មិនប្រាកដថាឈ្នះ»
Lionel Messi និង Cristiano Ronaldo សុទ្ធតែកីឡាករកំពូលរបស់ពិភពលោក។ តែអ្នកទាំងពីរមិនអាចជួយឱ្យក្រុមជម្រើសជាតិរបស់ខ្លួន ឡើងទៅវគ្គ ០៨ ក្រុមចុងក្រោយបានឡើយ ដោយពួកគេត្រូវជិះយន្ដហោះត្រឡប់ទៅស្រុកវិញ ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយ។
៥៖ ពិភពលោកស្រឡាំងកាំង ក្រោយអង់គ្លេសឈ្នះដោយសារការស៊ុតបាល់ ១១ម៉ែត្រ
អង់គ្លេសត្រូវបានគេស្គាល់ថា ជាក្រុមជើងខ្លាំងមួយនៅអឺរ៉ុប ខណៈអ្នកខ្លះថា «ខ្លាំងបានតែជាមួយក្រុមល្មម»។ ប៉ុន្តែអង់គេ្លសនៅពេល នេះបានបំបែកកំណត់ត្រាថ្មីមួយ ដោយយកឈ្នះគូប្រកួតដោយទាត់បាល់ ១១ម៉ែត្រ ជាលើកដំបូងក្នុងព្រឹត្តិការណ៍ World Cup។ អង់គ្លេសបានយកឈ្នះកូឡំប៊ី តាមរយៈការទាត់បាល់ ១១ម៉ែត្រ ដោយទទួលបានលទ្ធផល ៤ ទល់នឹង ៣ កាលពីយប់ថ្ងៃអង្គារ៕
ប្រភព៖ ស៊ីនហួរ