(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិកបានអះអាងជាថ្មីថា នឹងមិនមានឡើយការកំណត់កាលបរិច្ឆេទ ឱ្យកូរ៉េខាងជើងបោះបង់ ចោលអាវុធនុយក្លេអ៊ែរ និងកម្មវិធីមីស៊ីលឆ្លងទ្វីបរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី០៤ ខែកក្កដា ឆ្នាំ២០១៨។
ការលើកឡើងបែបនេះរបស់ក្រសួងការបរទេសអាមេរិក កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន បូលតុន (John Bolton) កាលពីថ្ងៃអាទិត្យកន្លងទៅ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនចង់ឱ្យកូរ៉េខាងជើងរំសាយអាវុធនុយក្លេអ៊ែរ និង មីស៊ីលឆ្លងទ្វីប នៅក្នុងរយៈពេលមួយឆ្នាំ ហើយថាសំណើនេះនឹងត្រូវលើកយកមកពិភាក្សា អំឡុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) នៅក្នុងសប្ដាហ៍នេះ។
ប៉ុន្តែថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយ នៅថ្ងៃអង្គារសប្ដាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី ហ៊ឺធើ ណឺត (Heather Nauert) បានអះអាងជាថ្មីថា នឹងមិនមានឡើយការកំណត់កាលបរិច្ឆេទ ឱ្យកូរ៉េខាងជើងបោះបង់ ចោលអាវុធនុយក្លេអ៊ែរ និងកម្មវិធីមីស៊ីលឆ្លងទ្វីបរបស់ខ្លួន។ លោកស្រី បានគូសបញ្ជាក់ដូច្នេះថា «ទាក់ទិននឹងការកំណត់កាលបរិច្ឆេទ ខ្ញុំដឹងថាគ្រាន់តែជា ការឱ្យយោបល់ជាលក្ខណៈបុគ្គលតែប៉ុណ្ណោះ ពោលគឺយើងនឹងមិនធ្វើការកំណត់កាលបរិច្ឆេទណាមួយឡើយ»។
គួរបញ្ជាក់ថា បើតាមប្រភពពីសេតវិមាន លោក ប៉ុមប៉េអូ នឹងបំពេញដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ ដើម្បីជួបពិភាក្សាជាមួយក្រុមមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង និងលោក គីម ជុងអ៊ុន ស្ដីពីការអនុវត្តកិច្ចព្រមព្រៀងនៅសិង្ហបុរី ក៏ដូចជា ការលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េផងដែរ។ តែ កូរ៉េខាងជើងធ្លាប់បានព្រមានហើយថា ការរំសាយអាវុធនុយក្លេអ៊ែរ ត្រូវ ធ្វើឡើងតាមសម្រួល គ្មានការបង្ខិតបង្ខំជាដាច់ខាត៕