(ប៉ារីស)៖ ក្រុមហ៊ុនផលិតយន្តហោះ Airbus ទាក់ទាញចំណាប់អារម្មណ៍ជាខ្លាំងពីអន្តរជាតិ តាមរយៈក្បូរក្បាច់រចនានៃយន្តហោះដឹកជញ្ជូន Beluga ជំនាន់ថ្មីរបស់ខ្លួន ដែលមានលក្ខណៈនិងការតុកតែងលម្អយ៉ាងចម្លែក ស្រដៀងទៅនឹងសត្វត្រីបាឡែន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ CNN នៅរសៀលថ្ងៃពុធ ទី០៤ ខែកក្កដា ឆ្នាំ២០១៨។
ក្រុមហ៊ុន Airbus បានបង្ហាញចេញនូវ យន្តហោះខ្នាតយក្សប្រភេទ BelugaXL ដែលមានរូបរាងយ៉ាងចម្លែកនៅឯទីក្រុង ទូលូ (Toulouse) ប្រទេសបារាំង។ ការរចនាឲ្យដូចជាសត្វត្រីបាឡែននេះ ត្រូវបានជ្រើសរើសដោយបុគ្គលិករបស់ Airbus ក្រោយការបោះឆ្នោតមួយ មានការចូលរួមពីសំណាក់បុគ្គលិកសរុបចំនួន ២០,០០០ ដែលត្រូវបានស្នើឲ្យជ្រើសរើសជម្រើស នៃការតុបតែងមួយ ដែលពួកគេចូលចិត្តបំផុត នៅក្នុងចំណោមជម្រើសទាំងអស់ចំនួន ០៦។
យន្តហោះដឹកជញ្ជូនខាងលើ មានមូលដ្ឋានគ្រឹះផ្អែកទៅលើយន្តហោះ Airbus ប្រភេទ A330-200 ដែលត្រូវគេស្គាល់ឈ្មោះថា បេលូហ្គា (Beluga) ដោយសារតែវាស្រដៀងនឹងទៅនឹងពូជសត្វត្រីឡែនពណ៌សមួយប្រភេទ ដែលរស់នៅក្នុងសមុទ្រនៃតំបន់អាក់ទិក។ យន្តហោះដឹកជញ្ជូននេះ មានតួនាទីនាំយកផ្នែកនានារបស់យន្តហោះ Airbus គ្រប់ប្រភេទ ពីកន្លែងផលិតនៅទូទាំងតំបន់អឺរ៉ុប ទៅកាន់ទីតាំងដំឡើងចុងក្រោយ ដែលស្ថិតនៅទីក្រុង Toulouse នៃប្រទេសបារាំង, ក្រុង ហាំប៊ឺក (Hamburg) របស់អាល្លឺម៉ង់, ឬក្រុង ធានជីន (Tianjin) ប្រទេសចិន។
គួរជម្រាបថា ក្រុមយន្តហោះ Beluga ដើមដែលមានចំនួន ០៥គ្រឿង បានបម្រើការងារដឹកជញ្ជូននេះ ចាប់តាំងតែពីឆ្នាំ១៩៩៤ មកម្ល៉េះ ប៉ុន្តែក្រុមហ៊ុន Airbus បានបង្កើតកម្មវិធីដើម្បីបង្កើត Beluga ជំនាន់ថ្មី គឺដោយសារតែការកើនឡើង នៃសង្វាក់ផលិតកម្ម។ BelugaXL នឹងត្រូវឆ្លងកាត់ការធ្វើតេស្តលើផ្ទៃដីនាពេលឆាប់ៗខាងមុខ មុនពេលវាត្រូវធ្វើការហោះហើរ សាកល្បងជាលើកទីមួយ នៅអំឡុងចុងឆ្នាំនេះ។ BelugaXL ត្រូវគេរំពឹងថា នឹងចេញធ្វើប្រតិបត្តិការជាផ្លូវការនៅឆ្នាំ២០១៩៕