(ហ្សាការតា)៖ អាជ្ញាធរឥណ្ឌូណេស៊ីនៅថ្ងៃពុធនេះបានឱ្យដឹងថា ចំនួនមនុស្សស្លាប់នៅក្នុងគ្រោះថ្នាក់លិចសាឡង់ដឹកអ្នកដំណើរ នៅ ឯខេត្តស៊ូឡាវេស៊ី (Sulawesi) ភាគកណ្តាលប្រទេសបានកើនដល់ ៣១នាក់ហើយ ខណៈក្រុមអ្នកជួយសង្រ្គោះកំពុងតាមរកអ្នកបាត់ ខ្លួនជាច្រើននាក់ផ្សេងទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី០៤ ខែកក្កដា ឆ្នាំ២០១៨។
យោងតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី មនុស្ស ៣១នាក់ ត្រូវបានគេអះអាងថា បានសា្លប់, ១៣០នាក់ត្រូវបានជួយសង្រ្គោះ និង ០៣នាក់ទៀត នៅតែបន្តបាត់ខ្លួននៅឡើយ ក្រោយសាឡង់មួយគ្រឿង ផ្ទុកអ្នកដំណើររហូតដល់ទៅ ១៦៤នាក់ បានលិចនៅឯខេត្តស៊ូឡាវេស៊ី (Sulawesi) កាលពីថ្ងៃអង្គារ។
ប៉ុន្តែភ្លាមៗបែបនេះពុំមានព័ត៌មានបញ្ជាក់អំពីមូលហេតុ នៃការលិចសាឡង់នោះឡើយដោយគ្រាន់ករណីបែបនេះ មិនមែនទើបកើតឡើងជាលើកទីមួយនោះឡើយ នៅក្នុងឆ្នាំ២០១៨ នេះ។ ជាក់ស្ដែងកាលពីខែមុន (មិថុនា) ក៏មានករណីលិចសាឡង់ដឹកអ្នកដំណើរមួយផងដែរនៅ បឹងតូបា ដែលជារណ្តៅភ្នំភ្លើងជ្រៅបំផុតរបស់ឥណ្ឌូណេស៊ី បានបណ្តាលឲ្យមនុស្សប្រមាណ ២០០នាក់ស្លាប់។
គួរបញ្ជាក់ថា ជាទូទៅមូលហេតុនៃសោកនាដកម្មបែបនេះភាគច្រើន គឺបណ្ដាលមកពីការដឹកលើសចំណុះ និងការមិនគោរពបទដ្ឋានដឹកជញ្ជូនជាដើម៕