(ចិន)៖ អស់រយៈពេលជាងបួនទសវត្សរ៍មកនេះ បុគ្គលិកជាជនបរទេស ប្រមាណជាងមួយលាននាក់ បានចូលទៅបម្រើការងារនៅប្រទេសចិន។

ជាមួយនឹងផែនការបន្ថែម ដើម្បីធ្វើកំណែទម្រង់ និងធ្វើសេរីភាវូបនីយកម្មសេដ្ឋកិច្ចរបស់ប្រទេស ធ្វើឲ្យប្រទេសចិន បានក្លាយជាគោលដៅដ៏ទាក់ទាញ សម្រាប់ជនបរទេសមានទេពកោសល្យ មកប្រកបការងារ និងរស់នៅទីនោះ។

លោក ម៉ាកូ បានហ្វ៊ី (Marco Banfi) ដែលមានវ័យ៣៥ឆ្នាំ មិនធ្លាប់មានគំនិតចង់ផ្លាស់ប្តូរទីលំនៅរបស់ខ្លួន មកនៅប្រទេសចិនឡើយ។

បច្ចុប្បន្ន លោក ម៉ាកូ បានហ្វ៊ី គឺជាប្រធានគ្រប់គ្រងក្រុមហ៊ុន Hirun Engineering Equipment Co.,Ltd នៅទីក្រុងអ៊ូហាន ជាទីក្រុងនៃបណ្ដុំសេវាដឹកជញ្ជូន និងសេដ្ឋកិច្ច ស្ថិតក្នុងខេត្តហ៊ូប៉ី ភាគកណ្ដាលប្រទេសចិន។

លោក ម៉ាកូ បានហ្វ៊ី បាននិយាយថា «កាលពីប្រាំឆ្នាំមុន ឱកាសបានមកដល់ ហើយខ្ញុំក៏ចាប់យកឱកាសនោះ ពីព្រោះវាជាលំហាត់ដ៏លំបាកសម្រាប់អាជីពរបស់ខ្ញុំ ហើយក៏ជាលំហាត់ផ្ទាល់ខ្លួនសម្រាប់ជីវិតរបស់ខ្ញុំផងដែរ ដោយសារតែកាលនោះ ខ្ញុំត្រូវបោះបង់អ្វីគ្រប់យ៉ាង ហើយត្រូវផ្លាស់មករស់នៅក្នុងប្រទេសចិននេះ»

លោក ម៉ាកូ គឺជាវិស្វករជនជាតិអ៊ីតាលី ដែលមានឯកទេសខាងផ្នែក បច្ចេកវិទ្យាប្រឆាំងការរញ្ជួយដី។ គាត់ គឺជាផ្នែកមួយនៃក្រុមអ្នកជំនាញ ដែលផ្តល់ដំបូន្មានបច្ចេកទេសផ្សេងៗ ដល់ក្រុមហ៊ុនបច្ចេកវិទ្យាទំនើប និងក្រុមហ៊ុនរបស់រដ្ឋផងដែរ។

លោក ម៉ាកូ បានហ្វ៊ី បាននិយាយថា «ក្នុងរយៈពេលបួនឆ្នាំមកនេះ ខ្ញុំគិតថា យើងទទួលបានសមិទ្ធផលល្អៗជាច្រើន ពីព្រោះពួកយើងបានអភិវឌ្ឍការងារពីបាតដៃទទេរហូត មានគ្នាជាង២០នាក់ ដោយមានសមត្ថភាព ក្នុងការរចនាឧបករណ៍គ្រប់ប្រភេទ ព្រមទាំងរកដំណោះស្រាយបច្ចេកទេសសម្រាប់ស្ពាន ឬឧបករណ៍ផ្ដល់ដំណោះស្រាយ ផ្នែករញ្ជួយដី»

សេដ្ឋកិច្ចរបស់ចិន បានចាប់ផ្ដើមលូតលាស់តាំងពី៤ទសវត្សរ៍មុនមកម្ល៉េះ ដោយសារតែមានកំណែទម្រង់របស់រដ្ឋាភិបាល ហើយកំណើនសេដ្ឋកិច្ចចិន នាពេលបច្ចុប្បន្នបានផ្តល់ឱកាស ដល់ជនបរទេសដែលមានសមត្ថភាពជាច្រើន មកជួយជំរុញវឌ្ឍនភាព ផ្នែកបច្ចេកវិទ្យារបស់ចិនផងដែរ។

លោក កាវ ជឺជុន បុគ្គលិករដ្ឋបាលកិច្ចការអ្នកជំនាញ បរទេសក្រុងអ៊ូហាន បានថ្លែងថា «ទីក្រុង អ៊ូហាន បានដាក់ចេញនូវវិធានការជាច្រើន ដើម្បីទាក់ទាញជនបរទេស ដែលមានទេពកោសល្យកាន់តែច្រើនថែមទៀត។ ឧទាហរណ៍ យើងចាត់វិធានការ ដើម្បីកែលម្អបរិយាកាសការងារ សម្រាប់ជនបរទេស ដែលមានទេពកោសល្យខ្ពស់ តាមរយៈមធ្យោបាយផ្សេងៗ ហើយក៏បានអនុម័តគោលនយោបាយ ជ្រោមជ្រែងចំពោះសហគ្រាស ដែលផ្តល់ការងារដល់ជនបរទេស ដែលមានទេព្យកោសល្យទាំងនោះផងដែរ»

ដោយរស់នៅជាមួយក្រុមគ្រួសារ យ៉ាងរីករាយនៅក្នុងទីក្រុងអ៊ូហាន នៅពេលនេះ ប្រទេសចិនបានក្លាយជាផ្ទះទី២ របស់លោក ម៉ាកូ ទៅហើយ។

លោក ម៉ាកូ និយាយថា «ខ្ញុំមកនៅទីនេះជាមួយក្តីសង្ឃឹមជាច្រើន ។ ពេលនេះ ខ្ញុំទទួលបានជោគជ័យទាំងការងារ ទាំងរឿងផ្ទាល់ខ្លួន។ ប្រសិនបើឱកាសនៅទីនេះនៅតែមានតទៅទៀត ខ្ញុំចង់រស់នៅទីនេះ ឱ្យបានយូរអង្វែង តទៅមុខទៀត»៕ (សារព័ត៌មាន CCTV របស់ចិន)