(ម៉ូស្គូ)៖ ការប្រកួតក្នុងវគ្គ១៦ក្រុមត្រូវបានបញ្ចប់ជាផ្លូវការនាយប់មិញនេះហើយ ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2018 ដែលមានប្រទេសរុស្ស៊ីធ្វើជាម្ចាស់ផ្ទះ ជាមួយនឹងការរកឃើញ ៨ប្រទេសមកពី ២តំបន់គឺនៅ អឺរ៉ុប តំបន់អាមេរិកឡាទីនប៉ុណ្ណោះ ឡើងទៅវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីឆ្លងកាត់ប្រកួតយ៉ាងស្វិតស្វាញរយៈពេល ៥ថ្ងៃមកនេះ។

បារាំង ជាក្រុមដែលឈ្នះកៅអីវគ្គ៨ក្រុមចុងក្រោយមុនគេ បន្ទាប់ពីទម្លាក់ក្រុមរងជើងឯក World Cup 2014 អាហ្សង់ទីន ដោយលទ្ធផល ៤-៣ ត្រូវប៉ះក្រុមមកពីតំបន់អាមេរិកឡាទីន អ៊ុយរ៉ាហ្គាយ ដែលបានទម្លាក់ជើងឯកអឺរ៉ុប ព័រទុយហ្គាល់ ២-១ ក្នុងវគ្គចាញ់-ធ្លាក់ ១៦ក្រុមចុងក្រោយដូចគ្នា។ បារាំង ប៉ះអ៊ុយរ៉ាហ្គាយ នឹងចាប់ផ្តើមប្រកួតមុនគេ ក្នុងវគ្គ៨ក្រុមចុងក្រោយនាម៉ោង ៩យប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨។

១ប្រកួតទៀតដែលនឹងចាប់ផ្តើមនៅម៉ោង ១យប់រំលងអាធ្រាត្រ គឺជាការជួបគ្នារវាងសាំបាប្រេស៊ីល ប៉ះក្រុមនៅអឺរ៉ុប ប៊ែលហ្ស៊ិក ស្របពេលអតីតម្ចាស់ជើងឯក World Cup ៥សម័យកាលច្រើនជាងគេប្រេស៊ីល បានទម្លាក់មិចស៊ិក ក្នុងលទ្ធផល ២-០ មុនពេលប៊ែលហ្ស៊ិក បានវាយបកឈ្នះសាម៉ូរៃជប៉ុន ៣-២ នៅនាទីចុងម៉ោង។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើល គឺម្ចាស់ផ្ទះរុស្ស៊ី បានទម្លាក់អតីតម្ចាស់ជើងឯក World Cup 2010 អេស្ប៉ាញ ដោយបាល់ប៉េណាល់ទីកាត់សេចក្តី ៤-៣ ក្រោយប្រកួតពេញម៉ោង ៩០នាទី និងបន្ថែម ១៥នាទី ២ដង ស្មើគ្នា ១-១ ដែលត្រូវជួបក្រុមនៅអឺរ៉ុបដូចគ្នា ក្រូអាត ដែលបានទម្លាក់ដាណឺម៉ាក ៣-២ ដោយបាល់ប៉េណាល់ទី ១១ម៉ែត្រកាត់សេចក្តីផងដែរ។

សម្រាប់អង់គ្លេស ដែលបានទម្លាក់គូប្រជែងកូឡុំប៊ី ដោយបាល់ប៉េណាល់ទីកាត់សេចក្តី ៤-៣ បន្ទាប់ពីប្រកួតពេញម៉ោង ៩០នាទី និងថែម១៥នាទី ២ដង ស្មើគ្នា ១-១ ត្រូវប៉ះក្រុមនៅអឺរ៉ុបដូចគ្នាស៊ុយអែត ដែលបានទម្លាក់ស្វីស ត្រឹមលទ្ធផល ១-០ ទាំងប្រផិតប្រផើយ។

សូមបញ្ជាក់ផងដែរថា វគ្គ៨ក្រុមចុងក្រោយនឹងធ្វើឡើងត្រឹមតែ២ថ្ងៃប៉ុណ្ណោះ ពោលគឺនៅថ្ងៃទី៦-៧ ខែកក្កដា ឆ្នាំ២០១៨ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី១១-១២ ខែកក្កដា និងវគ្គផ្តាច់ព្រ័ត្រនៅម៉ោង ១០យប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨៕