(គូឡាឡាំពួរ)៖ «ខ្ញុំមិនមែនល្អឥតខ្ចោះនោះទេ, ខ្ញុំគ្រាន់តែជាមនុស្សម្នាក់តែប៉ុណ្ណោះ។ តែសូមជឿចុះថា ការចោទប្រកាន់មកលើរូបខ្ញុំ មិនមែនជាការពិតទាំងអស់»។ នេះគឺសម្ដីរបស់អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ ដកស្រង់ដោយ សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី០៤ ខែកក្កដា ឆ្នាំ២០១៨។
លោក ណាជីប ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងវីដេអូមួយបង្ហោះនៅលើ Twitter និង Facebook ផ្ទាល់ខ្លួនរបស់លោក បន្ទាប់ពីត្រូវបានប៉ូលិសចាប់ខ្លួននៅក្នុងផ្ទះ កាលពីរសៀលថ្ងៃអង្គារម្សិលមិញ។ នៅក្នុងវីដេអូនេះ លោក ណាជីប ក៏បានរំលឹកប្រជាជន ម៉ាឡេស៊ី ផងដែរថា លោកមិនមានឱកាសការពារខ្លួនឯងឡើយ ហើយក៏មិនមានភស្ដុតាងពិតប្រាកដ ដាក់បន្ទុកលើរូបលោកដែរ។
អត្ថន័យដែឡអតីតនាយករដ្ឋមន្ត្រីរូបនេះ បានលើកឡើងនោះគឺ «ប្រជាជនម៉ាឡេស៊ីជាទីស្រឡាញ់ បើសិនជាអ្នកកំពុងស្ដាប់សារនេះ ខ្ញុំចង់ប្រាប់ថា មានបណ្ដឹងជាច្រើនត្រូវបានគេរៀបចំឡើងប្រឆាំងនឹងរូបខ្ញុំ ជាមួយព័ត៌មាន និងរូបភាពក្លែងក្លាយជាច្រើនក្នុងន័យមួលបង្កាច់រូបខ្ញុំ។ ដូច្នេះទុកឱ្យការស៊ើបអង្កេតដំណើរការចុះ ខ្ញុំគ្មានឱកាសការពារខ្លួនឯងឡើយ»។
គួរជម្រាបថា តុលាការម៉ាឡេស៊ីនៅថ្ងៃពុធនេះ បានចោទប្រកាន់អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ ពីបទល្មើសចំនួនបីករណីនៃការរំលោភលើសេចក្ដីទុកចិត្តពាក់ព័ន្ធនឹងមូលនិធិជាង ១០លានដុល្លារ ដែលគេបង្វិលចូលគណនីរបស់លោក។
មួយវិញទៀត ក្នុងចំណោមបទចោទទាំងបីនេះ មានមួយជាបទចោទរំលោភអំណាច ក្នុងសំណុំរឿងពុករលួយមូលនិធិរដ្ឋ 1MDB ដែលលោកផ្ទាល់ជាអ្នកបង្កើត ហើយផ្អែកលើការចោទប្រកាន់នេះ អាចឱ្យលោកប្រឈមមុខជាប់ពន្ធនាគារ ០២ឆ្នាំ ឬរហូតដល់ ២០ឆ្នាំ ក៏ថាបាន បើសិនជាគេរកឃើញថា លោកបានប្រព្រឹត្តខុសដូចការចោទប្រកាន់មែននោះ៕