(អាមេរិក)៖ បេសកកម្ម​របស់អង្គការ NASA ក្នុងការការពារ​ភពផែនដីពី​ការគំរាមកំហែង​របស់អាចម៍ផ្កាយ បានលេចចេញ​ជារូបរាង​ហើយនៅ​​ឯមូលដ្ឋាន​តេឡេស្កូប LSST នៅប្រទេស​ឈីលី។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពីវែបសាយអង់គ្លេស Express នៅព្រឹកថ្ងៃពុធ ទី០៤ ខែកក្កដា ឆ្នាំ២០១៨។

មជ្ឈមណ្ឌល​តេឡេស្កូបអវកាសអន្តរជាតិ​ខាងលើ ដែលបច្ចុប្បន្ន​កំពុង​ស្ថិត​ក្រោម​ការសាងសង់​ នៅតំបន់អាមេរិក​ខាងត្បូង នឹងតាមដានក៏ដូច​ជាផ្តិតយករូបភាព​នៃផ្ទៃមេឃ​នាពេលរាត្រី ជារៀងរាល់ពីរ​ទៅបីថ្ងៃម្តង។ ការស្គែន​មើលមេឃជាទៀងទាត់​បែបនេះ នឹងអាចជួយ​ដល់​តារាវិទូ​​និងបណ្តា​ទីភ្នាក់ងារ​អវកាស ដូចជា NASA ជាដើម អាចប្រទះ​រកឃើញការគំរាមកំហែង​ នៃអាចម៍​ផ្កាយ​បានទាន់​ពេលវេលា។

យោងតាមអ្នក​វិទ្យាសាស្រ្ត ការគំរាមកំហែងនេះ គឺពុំមែនជារឿង​ដែលយើងគួរព្រងើយ​កន្តើយនោះឡើយ ដោយសារអាចម៍​ផ្កាយដែលអាច​បង្ក​គ្រោះ​ថ្នាក់ PHA ប្រមាណ ២៥,០០០ដុំ កំពុងរសាត់​នៅក្នុង​ទីអវកាស។ PHA គឺជាប្រភេទ​អាចម៍ផ្កាយ​ ដែលមានទំហំធំ​ជាង ១៤០ម៉ែត្រ និងមាន​ឥទ្ធិពលដើម្បី​កម្ទេចតំបន់​ទាំងមូលដែលវាធ្លាក់ចំបានយ៉ាងងាយ។

គួរជម្រាបថា កាមេរ៉ាទំហំ ៣,២០០​ម៉េហ្គាភិចសែលរបស់ LSST នឹងផលិត​រូបភាពនានា មានទំហំស្មើនឹង​ព្រះច័ន្ទពេញវង់​ចំនួន ៤០ រួម​បញ្ចូល​គ្នា ដែលមានផ្ទុកនូវ​ផ្កាយ និងកាឡាក់ស៊ី ៣៧ពាន់លាន នៅក្នុងរូប​នីមួយៗ៕