(ស៊ីដនី)៖ អ្នកទេសចរជប៉ុនម្នាក់ បានស្លាប់នៅអំឡុងពេលព្យាយាមឡើងតំបន់ដីដុះ អ៊ូលឺរូ (Uluru) ដែលជាតំបន់ទាក់ទាញភ្ញៀវទេសចរដ៏ល្បីល្បាញបំផុត នៅក្នុងប្រទេសអូស្ត្រាលី ហើយដែលនេះបានធ្វើឱ្យចំនួនអ្នកស្លាប់ នៅឯតំបន់ដីដុះធំជាងគេមួយនៅ លើពិភពលោកមួយនេះមានការកើនឡើង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី០៤ ខែកក្កដា ឆ្នាំ២០១៨។
ក្រុមភ្នាក់ងារសង្រ្គោះបន្ទាន់ បានទទួលការហៅទូរស័ព្ទកាលពីរសៀលថ្ងៃអង្គារ ប៉ុន្តែពេលទៅដល់កន្លែងកើតហេតុ ភ្ញៀវទេសចរជប៉ុនជាបុរសមានអាយុ ៧៦ឆ្នាំខាងលើ បានទទួលមរណៈភាពទៅហើយ។ លើសពីនេះទៅទៀត ការស្លាប់របស់ភ្ញៀវទេសចររូបនេះ ក៏បានធ្វើឱ្យចំនួនអ្នកស្លាប់នៅឯតំបនដីដុះ Uluru ដែលមានកម្ពស់ ៣៤៨ម៉ែត្រ កើនឡើងដល់ ៣៧នាក់ផងដែរ គិតចាប់តាំងពីបើកទទួលស្វាគមន៍ភ្ញៀវទេសចរ ចាប់តាំងពីឆ្នាំ១៩៥០មក។
គួរជម្រាបថា មនុស្ស ៣០០,០០០នាក់ តែងតែមកកម្សាន្តនៅឯតំបន់ដីដុះ អ៊ូលឺរូ (Uluru) ជារៀងរាល់ឆ្នាំ ប៉ុន្តែមិនមានតួលេខជាក់លាក់ ពីអ្នកឡើងកម្សាន្តលើតំបន់នេះទេ ហើយក្រៅតែពីអ្នកស្លាប់នោះ អ្នករបួសវិញក៏មានស្ទើររៀងរាល់ឆ្នាំដែរ។ ចំណែកឯ ការហាមឃាត់ឡើងលើដីដុះនេះ នឹងត្រូវចូលជាធរមាននៅខែតុលា ឆ្នាំ២០១៩៕