(ព្យុងយ៉ាង)៖ ក្រុមកីឡាករ-កីឡាការិនីបាល់បោះកូរ៉េខាងជើង និងកូរ៉េខាងត្បូង នឹងធ្វើការប្រកួតមិត្តភាពជាលើកដំបូង ក្រោមកិច្ចខិតខំប្រឹងប្រែងនៃការបន្ធូរបន្ថយភាពតានតឹង នៅឧបទ្វីបកូរ៉េនាថ្ងៃពុធនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី០៤ ខែកក្កដា ឆ្នាំ២០១៨។
គណៈប្រតិភូកូរ៉េខាងត្បូង ដែលរួមមានកីឡាករ និងកីឡាការិនីបាល់បោះសរុបប្រមាណ ៥០នាក់ ក្រោមការដឹកនាំរបស់រដ្ឋមន្រ្តីបង្រួបបង្រួមជាតិកូរ៉េខាងត្បូង លោក ចូ ម្យុងគ្យុន (Jo Myong Gyun) បានធ្វើដំណើរមកដល់រដ្ឋធានីព្យុងយ៉ាង កាលពីថ្ងៃអង្គារម្សិលមិញនេះ ជាមួយពិធីរៀបចំទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ក្រសួងវប្បធម៌ និងកីឡារបស់កូរ៉េខាងជើង។
គួរជម្រាបថា មេដឹកនាំនៃប្រទេសកូរ៉េទាំងពីរគឺលោក មូន ជែអ៊ីន និងលោក គីម ជុងអ៊ុន បានព្រមព្រៀងគ្នាអនុវត្តន៍ការដោះដូរវិស័យកីឡា ដែលជាផ្នែកនៃកិច្ចប្រឹងប្រែងក្នុងការលើកកម្ពស់ទំនាក់ទំនង ព្រមទាំងកាត់បន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េ ហើយកីឡាបាល់បោះនេះ គឺជាប្រភេទកីឡា ដែលជាចំណូលចិត្តរបស់លោក គីម ជុងអ៊ុន ផ្ទាល់៕