(សាណាអា)៖ ការវាយប្រហារដោយយន្តហោះចម្បាំង ដឹកនាំដោយក្រុមចំរុះអារ៉ាប៊ីសាអូឌីត បានទម្លាក់គ្រាប់បែកទៅលើពិធីរៀបអាពាហ៍ពិពាហ៍មួយ នៅខេត្តភាគខាងជើងមានឈ្មោះថា សាអាដា (Saada) នៃប្រទេសយ៉េមែន បានបណ្តាលឲ្យមនុស្ស ១១នាក់ស្លាប់ និង ១១នាក់រងរបួស ប៉ុន្តែមិនមានការបញ្ជាក់អំពីអត្តសញ្ញាណ នៃជនរងគ្រោះទាំងនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី០៤ ខែកក្កដា ឆ្នាំ២០១៨។
ការវាយប្រហារខាងលើនេះ បានកើតមានឡើងទៅលើខេត្ត អាល់ថាហ៊ឺ (al-Thahir) នៃខេត្តខាងលើនេះ ហើយភាគច្រើននៃជនរងគ្រោះដែលបានស្លាប់ និងរងរបួសទាំង ២២នាក់នោះ គឺជាស្ត្រី និងកុមារតែម្តង។ ទោះបីជាប្រភពផ្លូវការពីយ៉េមែនអះអាងថា ជាទង្វើនៃក្រុមចំរុះអារ៉ាប៊ីសាអូឌីតក៏ដោយ ក៏ខាងក្រុមចំរុះអារ៉ាប៊ីសាអូឌីតវិញ មិនទាន់ចេញសេចក្តីថ្លែងការណ៍ណាមួយបកស្រាយនោះដែរ។
គួរបញ្ជាក់ថា ខេត្តសាអាដា គឺជាជម្រកនៃក្រុមឧទ្ទាម ស៊ីអីត ហួធី ដែលមានសម្ព័ន្ធភាពយ៉ាងធំធេងជាមួយប្រទេសអ៊ីរ៉ង់ ហើយដែលតំបន់នេះស្ថិតនៅក្នុងគោលដៅនៃការកម្ទេច របស់ក្រុមចំរុះអារ៉ាប់ ដឹកនាំអារ៉ាប៊ីសាអូឌីត៕