(គូឡាឡាំពួ)៖ នៅទីបំផុតអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ ត្រូវបានតុលាការចោទប្រកាន់ជាផ្លូវការហើយ ពីបទល្មើសចំនួនបីករណីពាក់ព័ន្ធនឹងការរំលោភលើសេចក្ដីទុកចិត្ត នៅក្នុងការស៊ើបអង្កេតមួយ លើសំណុំរឿងពុករលួយមូលនិធិរដ្ឋ 1MDB។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី០៤ ខែកក្កដា ឆ្នាំ២០១៨។
លោក ណាជីប មានអាយុ ៦៤ឆ្នាំ ត្រូវបានប៉ូលិសចាប់ខ្លួនកាលពីរសៀលថ្ងៃអង្គារ នៅឯផ្ទះរបស់លោកតែជាងពីរខែប៉ុណ្ណោះ បន្ទាប់ពីលោកចាញ់ក្នុងការបោះឆ្នោត និងរដ្ឋាភិបាលថ្មីរបស់លោក មហាធៀ មហំាម៉ាត់ បើកការស៊ើបអង្កេតលើករណីពុករលួយមូលនិធិរដ្ឋ 1MDB ដែលលោកផ្ទាល់ជាអ្នកបង្កើត។ លោក ណាជីប បានទៅដល់តុលាការក្នុងទីក្រុងគូឡាឡាំពួនៅម៉ោង ០៨៖២០នាទី ព្រឹកមិញនេះ (ម៉ោងនៅម៉ាឡេស៊ី) ក្រោយជាប់ឃុំអស់មួយយប់។
បន្ថែមពីលើនេះ ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកបានឱ្យដឹងទៀតថា លោក ណាជីប ត្រូវបានគេរំពឹងថា នឹងប្រឈមមុខនឹងការចោទប្រកាន់ជាច្រើនករណីទៀត ពាក់ព័ន្ធនឹងអំពើពុករលួយ ក្នុងនោះរួមមានទាំងមូលនិធិរដ្ឋជាង ១០.៦លានដុលារ ដែលត្រូវគេផ្ទេរចូលគណនី ធនាគារផ្ទាល់ខ្លួនរបស់លោក។ ក៏ប៉ុន្តែអតីតនាយករដ្ឋមន្ត្រីរូបនេះ បានទាត់ចោលរាល់ការចោទប្រកាន់ ហើយថាលោកមិនបានដឹង ឡើយថាលុយទាំងនេះរត់ចូលក្នុងគណនីធនាគាររបស់លោក ពីពេលណា ឬដោយវិធីណានោះទេ៕