(អូស្ត្រាលី)៖ អូស្ត្រាលី និងប្រជាជាតិដទៃទៀត ដែលប្រឆាំងនឹងការនេសាទត្រីបាឡែន កំពុងតវ៉ាជំទាស់នឹងប្រទេសជប៉ុន ខណៈទីក្រុងតូក្យូកំពុងព្យាយាមដំណើរការការធ្វើពាណិជ្ជកម្ម និងនេសាទត្រីបាឡែនឡើងវិញ យ៉ាងយូរនៅក្នុងឆ្នាំ២០១៨នេះ។ នេះបើតាម ការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី០៣ ខែកក្កដា ឆ្នាំ២០១៨។
ក្រុមមន្ត្រីជប៉ុនត្រូវបានគេរាយការណ៍បានទទួលស្គាល់ថា ប្រទេសរបស់ខ្លួន ពិតជាកំពុងស្វែងរកការគាំទ្រ និងការអនុញ្ញាតឡើងវិញក្នុងការនេសាទត្រីបាឡែន នៅឯកិច្ចប្រជុំនៃអង្គការគណកម្មការត្រីបាឡែនអន្តរជាតិ (IWC) ក្នុងប្រទេសប្រេស៊ីល នៅខែកញ្ញា ខាងមុខនេះ។ ប៉ុន្តែទន្ទឹមគ្នា ក្រសួងបរិស្ថាន និងថាមពលអូស្ត្រាលី បានអះអាងថា ខ្លួននឹងព្យាយាមរារាំងរាល់ការប៉ុនប៉ងរបស់ជប៉ុន ពីការនេសាទត្រីបាឡែនជាថ្មី។
«អូស្ត្រាលីនឹងជំទាស់ជាដាច់ខាត ចំពោះរាល់សំណើទាំងឡាយណា ដែលចង់ផ្លាស់ប្ដូរច្បាប់ដាក់កំហិត លើការនេសាទត្រីបាឡែន»។ នេះបើតាមក្រសួងបរិស្ថាន និងថាមពលអូស្ត្រាលី។
គួរបញ្ជាក់ថា ក្រៅពីអូស្ត្រាលី នូវែលសេឡង់ ប្រទេសភាគច្រើននៅអឺរ៉ុប អាមេរិកខាងត្បូង និងអាមេរិកកណ្ដាល ក៏បានបង្ហាញពីគោលជំហរជំទាស់ នឹងផែនការនេសាទត្រីបាឡែនរបស់ជប៉ុនផងដែរ។ ត្រីបាឡែន ៣៣៣ក្បាល ត្រូវបានជប៉ុនសម្លាប់ នៅអំឡុង ការនេសាទប្រចាំឆ្នាំនៅឯមហាសមុទ្រអង់តាក់ទិច កាលពីរដូវរងារកន្លងទៅ។ បន្ថែមពីលើនេះ ក្នុងចំណោមត្រីបាឡែន ៣៣៣ក្បាលនេះ មាន ១២៨ក្បាល ជាត្រីបាឡែនញី និង ១២២ក្បាលមានកូននៅក្នុងពោះ៕